(បរទេស)៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិនចំនួន ៣គឺ Hauwei, ZTE និង BOE កំពុងសហការគ្នាដើម្បីបង្កើតអេក្រង់ OLED ជាលើកដំបូងដែលអាចបត់បានល្អបំផុតជាមួយនឹងកាមេរ៉ាក្រោមអេក្រង់។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSMArena នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៣។

តាមរយៈកិច្ចសហការរួមគ្នារវាងក្រុមហ៊ុនចិនទាំង ៣នេះត្រូវបានគេឱ្យដឹងថា នឹងបំពាក់ទៅលើស្មាតហ្វូនរបស់ Huawei ម៉ូដែល Mate X4 ដំបូងគេបង្អស់ ជាមួយនឹងមុខងារបង្កប់កាមេរ៉ានៅខាងក្រោមអេក្រង់។

ដោយឡែក Mate X4 ដែលគ្រោងនឹងផលិតនៅពេលអនាគតនេះ មិនមែនជាស្មាតហ្វូនដែលមានអេក្រង់បត់ដំបូងគេនោះទេ ជាក់ស្តែងក្រុមហ៊ុនកូរ៉េខាងត្បូង Samsung បានបញ្ចេញសា្មតហ្វូនអេក្រង់បត់ម៉ូដែល Galaxy Fold ជាច្រើនម៉ូដែលរួចមកហើយ។ បើទោះបីជាស្មាតហ្វូនរបស់ពួកគេហាក់ទទួលបានការគាំទ្រក៏ពិតមែន ប៉ុន្តែប្រភេទអេក្រង់បត់បែបនេះនៅតែជួបបញ្ហាមិនពេញចិត្តទៅលើស្នាមផ្នត់កណ្តាល និងខ្លះទៀតមានបញ្ហារហូតដល់ឆេះអេក្រង់បូករួមបញ្ហាជាច្រើនទៀតដែលក្រុមហ៊ុនផលិតស្មាតហ្វូនអេក្រង់បត់ទាំងអស់កំពុងរកដំណោះស្រាយ។

ការរួមគ្នាលើកនេះក្រុមហ៊ុនចិនទាំង ៣បានបង្ហាញឆន្ទះរបស់ពួកគេថា នឹងមកកែប្រែកំហុសជាច្រើនដល់អ្នកប្រើប្រាស់ដែលធ្លាប់ជួបទៅលើស្មាតហ្វូនអេក្រង់បត់ដទៃទៀត។ Mate X4 និងចូលខ្លួនមកប្រកួតប្រជែងជាមួយនឹងអេក្រង់ OLED ថ្មីដែលគេដាក់ឈ្មោះថា «Q8» ហើយវានឹងមកដោះស្រាយបញ្ហាគុណភាពកាមេរ៉ា។ អេក្រង់នេះមានទំហំ 2480 x 1116px និងប្រើប្រភេទ yhigh-frequen refresh rate 1,440hz PWM dimming៕