(ភ្នំពេញ)៖ វិញ្ញាសាបាល់ទះក្នុងសាលផ្នែកបុរស នឹងចាប់ផ្ដើមការប្រកួតនាថ្ងៃទី០៣ ខែឧសភាស្អែកនេះ ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា ខណៈក្រុមមេដាយមាស ប្រាក់ និងសំរឹទ្ធ កាលពីស៊ីហ្គេម លើកទី៣១ នៅវៀតណាម នឹងត្រូវធ្វើការប្រកួតរៀងៗខ្លួនផងដែរ ។

សម្រាប់ក្រុមជម្រើសជាតិបាល់ទះកម្ពុជា ក្នុងនាមម្ចាស់ផ្ទះ និងជាម្ចាស់មេដាយសំរឹទ្ធ កាលពីឆ្នាំមុន នឹងត្រូវប្រកួតដំបូងក្នុងពូល B ជាមួយក្រុមជម្រើសជាតិសិង្ហបុរី នាវលេម៉ោង ៧៖៣០នាទីយប់ ក្រោយជំនួប រវាងក្រុមមេដាយមាស គឺក្រុមជម្រើសជាតិឥណ្ឌូនេស៊ី ជាមួយក្រុមជម្រើសជាតិហ្វីលីពីន នាម៉ោង ២៖៣០នាទីរសៀល ។

រីឯកម្មវិធីប្រកួតដំបូងក្នុងពូល A លើវិញ្ញាសាបាល់ទះបុរសក្នុងសាលនេះ គឺក្រុមជម្រើសជាតិម៉ាឡេស៊ី ត្រូវជួបក្រុមជម្រើសជាតិថៃ មុនគេនាម៉ោង ១២ថ្ងៃត្រង់ មុនឈានដល់ការប្រកួតគូបន្ទាប់ក្នុងពូល រវាងក្រុមម្ចាស់មេដាយប្រាក់ គឺក្រុមជម្រើសជាតិវៀតណាម ជាមួយក្រុមជម្រើសជាតិមីយ៉ាន់ម៉ា នាម៉ោង ៥ល្ងាចថ្ងៃពុធស្អែកនេះ ។

សម្រាប់វិញ្ញាសាបាល់ទះបុរសក្នុងសាលនេះ គ្រោងធ្វើការប្រកួត ៥ថ្ងៃ ពីថ្ងៃទី៣-៨ ខែឧសភា(លើកលែងថ្ងៃទី៥-ឧសភា ត្រូវសម្រាកក្នុងឱកាសបើកការប្រកួតស៊ីហ្គេម) ។ ការប្រកួតប្រើរូបមន្ដវិលជុំសន្សំពិន្ទុក្នុងពូល ហើយក្រុមលេខ១ និងលេខ២ នៃពូលនីមួយៗ នឹងត្រូវប្រកួតខ្វែង ដើម្បីស្វែងរកក្រុមខ្លាំងឡើងវគ្គផ្ដាច់ព្រ័ត្រ និងប្រកួតដណ្ដើមមេដាយមាស ៕