(ភ្នំពេញ)៖ នារសៀលថ្ងៃអង្គារ ទី០២ ខែឧសភានេះ កីឡាការិនីឆ្នើម ខាន់ ចេសា បានទទួលប្រាក់រង្វាន់លើកទឹកចិត្ត ពីរាជរដ្ឋាភិបាលកម្ពុជា ចំនួន ៤០លានរៀល ដែលការប្រគោលជូននេះធ្វើឡើងក្រោមអធិបតីភាពដោយលោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ដោយការលើកទឹកចិត្តនេះបន្ទាប់បានឈ្នះមេដាយមាស កម្រិតពិភពលោកក្នុងប្រភេទកីឡាជឺជីតស៊ូ ឆ្នាំ២០២២ ស្ថិតទីក្រុង Abu Dhabi ប្រទេសអារ៉ាប់រួម។

ស្ថិតក្នុងនៅក្នុងការពេលជាមួយគ្នានោះផងដែរ គ្រូបង្វឹកលោក KHAN PETER ELL ទទួលបានប្រាក់រង្វាន់ចំនួន ៤០លានរៀល និងគ្រូជំនួយលោក PAAS PASPER MARTUN ទទួលបានប្រាក់រង្វាន់ ២៨លានរៀល។

សូមរំលឹកផងថា កីឡាការិនីកូន ៣សាសន៍ខាងលើនេះ ក៏ជាអតីតម្ចាស់មេដាយមាស SEA Games ឆ្នាំ២០១៩ នៅប្រទេសហ្វីលីពីនផងដែរ។

ចេសា គឺជាកីឡាការិនីជឺជីតស៊ូជើងខ្លាំងរបស់កម្ពុជា ដែលកំពុងរស់នៅសហរដ្ឋអាមេរិក។ នាងធ្លាប់ដណ្ដើមបានពានជាច្រើន ខណៈស្នាដៃធំៗដែលនាងដណ្ដើមបានជូនកម្ពុជា គឺឈ្នះមេដាយមាសកីឡាអាស៊ីកាលពីឆ្នាំ២០១៨ នៅឥណ្ឌូនេស៊ី និងឈ្នះមេដាយមាសស៊ីហ្គេម ឆ្នាំ២០១៩ នៅហ្វីលីពីន។

ទន្ទឹមជាមួយគ្នា កញ្ញាកំពុងទន្ទឹងរង់ចាំការប្រកួតស៊ីហ្គេម ជាលើកទី២ របស់ខ្លួនក្នុង SEA Games នាឆ្នាំ២០២៣ នេះ ដ្បិតទើបធ្វើដំណើរដល់កម្ពុជានាថ្ងៃទី០១ ខែឧសភាម្សិលមិញ។

គួរបញ្ជាក់ផងថា កីឡាជឺជីតស៊ូ នឹងចាប់ផ្តើមប្រកួតក្នុង SEA Games 2023 ពីថ្ងៃទី០៤-០៧ ខែឧសភា ទីតាំងរាជធានីភ្នំពេញ គ្រាដែល ចេសា នឹងប្រកួត ២វិញ្ញាសាគី (Gi) ទម្ងន់ 52kg និងវិញ្ញាសាគ្មានគី (No-Gi) ទម្ងន់ 52kg៕