(ភ្នំពេញ)៖​ សពម្ដាយបង្កើតរបស់តារាសម្ដែង និងជាពិធីការិនី ឌួង ហ្សួងរីដា បានដឹកមកដល់អាកាសយានដ្ឋានអន្តរជាតិពោធិ៍ចិនតុងហើយ នៅព្រឹកថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៣ ដើម្បីតម្កល់ធ្វើបុណ្យតាមប្រពៃណីខ្មែរ បន្ទាប់បានទទួលមរណភាពដោយជំងឺមហារីក ក្នុងជន្មាយុ៦០ឆ្នាំ កាលពីព្រឹកថ្ងៃ០១ ខែឧសភា ឆ្នាំ២០២៣នេះ ស្ថិតនៅក្នុងមន្ទីរពេទ្យមួយកន្លែង នៃប្រទេសថៃ។

បន្ទាប់ពីបានទៅទទួលសពអ្នកម្ដាយ ឌួង ហ្សូរីដា ដល់ព្រលានយន្តហោះនៅព្រឹកនេះរួចមកអ្នកនាង ចន ច័ន្ទលក្ខិណា ប្រធានសមាគមសិល្បករខ្មែរបានប្រកាសភ្លាមៗឲ្យដឹងថា «សពលោក ម៉ែ យ៉ាលីន បានដឹកមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញហើយ។ នាងខ្ញុំតំណាងឲ្យកូនៗរបស់លោកម៉ែ សូមគោរពអញ្ជើញ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាង និងកញ្ញា ញាតិមិត្តជិតឆ្ងាយនៃសព សូមគោរពអញ្ជើញចូលរួមពិធីបុណ្យ តាមប្រពៃណីខ្មែរនៅគេហដ្ឋានលេខ ៥២ ផ្លូវលេខ MO6 បុរី Mekong Royal សង្កាត់ព្រែកលៀប។

សូមបញ្ជាក់ថា បន្ទាប់ពីតស៊ូនឹងជំងឺមហារីក និងបានធ្វើការព្យាបាលអស់រយៈពេលជាច្រើនឆ្នាំ ទាំងនៅក្នុងប្រទេស និងក្រៅប្រទេស ពេលនេះអ្នកស្រី យ៉ាលីន សុខលីម ដែលត្រូវបានគេស្គាល់ថា ជាម្ដាយបង្កើតរបស់តារាសម្ដែងមានប្រជាប្រិយភាព និងជាពិធីការិនី ឌួង ហ្សូរីដា ហើយក៏ជាម្ដាយបង្កើតរបស់តារាសម្ដែង ឌួង ហ្សូរីម៉ា ផងនោះ បានទទួលមរណភាពហើយកាលពីព្រឹកថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៣នេះ នៅឯប្រទេសថៃ។

បើយោងតាមគណនីហ្វេសប៊ុកផ្លូវការរបស់ពិធីការិនី ឌួង ហ្សូរីដា បានប្តូររូបប្រូហ្វាល់ក្នុងបណ្តាញសង្គម ទៅជារូបកាន់ទុក្ខ មានសរសេរថា «នាងខ្ញុំកាន់ទុក្ខ លោកម៉ែ យ៉ាលីន សុខលីម» និងបានសរសេរសាថា «លោកម៉ែឈប់ឈឺទៀតហើយ លោកម៉ែគេងឲ្យលង់លក់ចុះ ជាតិនេះជាតិក្រោយ កូនស្រឡាញ់លោកម៉ែរហូត»

គួរជម្រាបថា ម្តាយរបស់កញ្ញា ឌួង ហ្សូរីដា ទទួលមរណភាពនៅប្រទេសថៃ នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៣។ ម្តាយរបស់កញ្ញា ត្រូវបានគេដឹងថា ខិតខំតស៊ូនឹងជំងឺមហារីក អស់រយៈពេលជាច្រើនឆ្នាំមកហើយ។ បន្ទាប់ពីទទួលបានដំណឹងនេះ មិត្តសិល្បៈជាច្រើន បានបង្ហោះសារចូលរួមរំលែកទុក្ខ ចំពោះក្រុមគ្រួសារ ឌួង ហ្សូរីដា ជាបន្តបន្ទាប់ ខណៈដែលសពកំពុងតម្កល់ធ្វើបុណ្យនៅគេហដ្ឋានតារាសម្ដែង ឌួង ហ្សូរីដា ផ្ទាល់នៅផ្លូវ 6A បុរីមេគង្គរ៉ូយ៉ាល់៕