(បរទេស)៖ ក្រុមហ៊ុន BlackBerry Ltd បានប្រកាសនៅដើមសប្តាហ៍នេះថា ខ្លួននឹងចាប់ផ្តើមពិនិត្យមើលឡើងវិញនូវជម្រើសយុទ្ធសាស្រ្ត ដែលអាចមានការបំបែក ឬលក់អាជីវកម្មណាដែលមិនចាំបាច់មួយឬច្រើនដែលអាចមាន។ ពោលគឺ BlackBerry ទំនងជាអាចនឹងលក់ប៉ាតង់ ដែលជាកេរ្តិ៍ដំណែលពាក់ព័ន្ធនឹងទូរស័ព្ទចល័ត, ការផ្ញើសារ និងបច្ចេកវិទ្យា Wireless ដូចកន្លងមកអ៊ីចឹង។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៣។

BlackBerry Ltd ដែលត្រូវបានមហាជនស្គាល់ភាគច្រើនតាមរយ:ប៊ូតុងចុង QWERTY និងកម្មវិធីផ្ញើសារជជែកកម្សាន្ត BBM បានចាប់ផ្ដើមធ្លាក់ប្រជាប្រិយភាពនៅក្រោយឆ្នាំ២០០៧ រហូតស្ទើតែបាត់មុខពីទីផ្សារទូរស័ព្ទ ប៉ុន្តែក្រុមហ៊ុនកាណាដា មួយនេះគឺនៅតែអាចបន្តរស់បានតាមរយ:ការកាន់កាប់ប៉ាតង់ទូរស័ព្ទដៃជាច្រើន មិនចាញ់ក្រុមហ៊ុន Nokia ឡើយ។

ទូរស័ព្ទដៃរបស់ក្រុមហ៊ុន BlackBerry Ltd ត្រូវបានគេទទួលស្គាល់ថា មានសុវត្ថិភាពខ្ពស់ដូច្នេះហើយទើបមន្ត្រីរដ្ឋាភិបាល នៃបណ្ដាប្រទេសនៅអឺរ៉ុប រួមទាំងអាមេរិកត្រូវបានគេតម្រូវឱ្យប្រើប្រាស់ទូរស័ព្ទដៃដែលផលិតឡើងដោយក្រុមហ៊ុនមួយនេះ។

BlackBerry បានបញ្ជាក់ក្នុងការប្រកាសនៅថ្ងៃចន្ទម្សិលមិញថា ខ្លួននឹងនៅតែបន្តជាមួយនឹងការលក់ប៉ាតង់ដែលបានប្រកាសកាលពីមុនទៅឱ្យ Malikie Innovations Limited ក្នុងតម្លៃសរុប ៩០០លានដុល្លារជាមួយនឹងប៉ាតង់ចំនួន ៣២,០០០ដែលទាក់ទងនឹងអតីតអាជីវកម្មរបស់ខ្លួន។ Malkie គឺជាអង្គភាពបង្កើតថ្មីនៃក្រុមហ៊ុនរកប្រាក់ពីកម្មសិទ្ធិបញ្ញា Key Patent Innovations Ltd៕