(ភ្នំពេញ)៖ ក្រុមបាល់ទាត់ជម្រើសជាតិស្រ្តីកម្ពុជា នឹងពើបប្រទះគូប្រជែងស្រ្តីឡាវ នាម៉ោង ៨យប់ថ្ងៃពុធ ទី០៣ ខែឧសភាស្អែកនេះនៅកីឡដ្ឋាន Smart RSN របស់ក្លិបបាល់ទាត់ភ្នំពេញក្រោន ក្នុងព្រឹត្តិការណ៍កីឡាចម្រុះ SEA Games 2023 ដែលមានកម្ពុជាធ្វើម្ចាស់ផ្ទះ។

បាល់ទាត់ផ្នែកស្រ្តី ជាវិញ្ញាសាទី២ ប្រភេទកីឡាបាល់ទាត់ ក្នុងចំណោម ៣៧កីឡានៃយុទ្ធនាការ ២ឆ្នាំម្តងលើកទី៣២ នេះ ដោយមាន ៨ប្រទេសក្នុងតំបន់ចូលរួម និងចែកចេញជា ២ពូល។

ម្ចាស់ផ្ទះកម្ពុជា គឺស្ថិតក្នុងពូល B ជាមួយឡាវ ថៃ និងសិង្ហបុរី គ្រាដែលពូល A វិញមាន វៀតណាម ហ្វីលីពីន មីយ៉ាន់ម៉ា និងម៉ាឡេស៊ី គ្រាដែលឥណ្ឌូនេស៊ីបានដកខ្លួន ខណៈទីម័រខាងកើតអត់មាន ក្រុមស្រ្តីចូលរួមនោះទេ មានតែផ្នែកបុរស U22។

សូមរំលឹកផងថា ក្រុមនារីកម្ពុជា បានបញ្ចប់ត្រឹមចំណាត់ថ្នាក់លេខ៣ ក្នុងពូល A ដោយមាន ៣ក្រុមគឺ កម្ពុជា ហ្វីលីពីន និងម្ចាស់ផ្ទះវៀតណាម កាលលេងនៅ SEA Games 2021 លើកទី៣១ នៅពេលក្រុមបាល់ទាត់វៀតណាមទាំងស្រី និងប្រុស ឈ្នះមេដាយមាសដូចគ្នាប្រភេទកីឡាបាល់ទាត់នេះ៕