(បរទេស)៖ តារាចម្រៀងល្បីឈ្មោះរបស់អង់គ្លេស Ed Sheeran ដែលកំពុងមានរឿងក្តីក្តាំ នៅតុលារការជុំវិញរឿងកម្មសិទ្ធិបញ្ញានោះ នៅថ្ងៃច័ន្ទដើមសប្តាហ៍នេះ បានច្រានចោល និងបដិសេធ ចំពោះការចោទលើរូបលោកថា ស្នាដៃចម្រៀងរបស់លោកបទ «Thinking Out Loud» បានពីបទ «Let's Get It On» និងបានហៅការចោទប្រកាន់មកលើរូបលោកថាជា «ការប្រមាថ»។ នេះបើតាមការចេញផ្សាយ របស់សារព័ត៌មាន Straits Times នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៣។

ថ្ងៃច័ន្ទសប្តាហ៍នេះ គឺជាលើកទី២ហើយ ដែលតារាប្រុស Ed Sheeran ចូលខ្លួនដើម្បីបំភ្លឺនៅតុលាការ Manhattan ជុំវិញរឿងក្តីកម្មសិទ្ធិបញ្ញានេះ។ ដោយលោកនៅតែអះអាងថា ការចោទប្រកាន់មកលើរូបលោក មិនមែនជាការពិត ព្រោះថាចម្រៀងដែលលោកបាននិពន្ធឡើង គឺតាមរយៈការបំផុសគំនិត ដោយតន្ត្រីករជនជាតិអៀរឡង់ Van Morrison។ ក្នុងសវនាការលើកនេះ Ed Sheeran ដែលកំពុងត្រូវបានប្តឹង ដោយអ្នកស្នងមរតករបស់សហអ្នកនិពន្ធ Gaye លោក Ed Townsend បាននិយាយថា «ខ្ញុំយល់ឃើញថាវាជាការប្រមាថ ក្នុងការលះបង់ពេញមួយជីវិតរបស់ខ្ញុំ ដើម្បីក្លាយជាអ្នកសម្ដែង និងជាអ្នកនិពន្ធបទចម្រៀង ហើយមាននរណាម្នាក់ទាញវាទម្លាក់»

បន្ទាប់ពីលេចចេញជាចម្រៀងមួយបទ «Thinking Out Loud» បានក្លាយជាបទចម្រៀងជាប់ចំណាត់ថ្នាក់លេខ១ នៅចក្រភពអង់គ្លេស និងលេខ២ នៅសហរដ្ឋអាមេរិក ហើយនៅឆ្នាំ២០១៦ បានឈ្នះពានរង្វាន់ Grammy សម្រាប់បទចម្រៀងប្រចាំឆ្នាំ។ ប៉ុន្តែនៅឆ្នាំ២០១៧ ក្រុមគ្រួសារអ្នកនិពន្ធ Ed Townsend និងអ្នកនិពន្ធ Gaye បានប្តឹង Ed Sheeran ពីបទរំលោភលើសិទ្ធិអ្នកនិពន្ធដោយនិយាយថា ការវិវត្តន៍នៃអង្កត់ខ្ទង់ហ្គីតា ជាមួយនឹងលំនាំស៊ីសង្វាក់គ្នារបស់វា ត្រូវបានចម្លងពីបទ «Let's Get It On»

យ៉ាងណាក្ដី Ed Sheeran បានប្រកែកថា ភាពស្រដៀងគ្នានៃបទចម្រៀងទាំងពីរ គឺពាក់ព័ន្ធនឹងមូលដ្ឋានគ្រឹះនៃការផលិតតន្ត្រី ដែលមិនមានសិទ្ធិទទួលបានការការពារ ផ្នែកកម្មសិទ្ធិបញ្ញានោះទេ។ ជុំវិញបញ្ហានេះ តុលាការមិនទាន់ចេញសេចក្តីសម្រេចឡើយថា តើនរណាជាអ្នកឈ្នះ ខណៈការឡើងសវនាការលើកនេះ គឺដើម្បីសាកសួរចម្លើយបន្ថែម និងផ្ដល់សក្ខីកម្មប៉ុណ្ណោះ៕