(ភ្នំពេញ)៖ ៥ប្រភេទកីឡារួមមាន បាល់ទាត់ ហុកគីក្នុងសាល អុកចត្រង្គ គ្រីឃីត និងកីឡាជិះទូកក្តោង នឹងធ្វើការប្រកួតនៅថ្ងៃអង្គារ ទី០២ ខែឧសភា ឆ្នាំ២០២៣ នេះ មុនពិធីបើកសម្ពោធព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ជាផ្លូវការនាថ្ងៃទី០៥-ឧសភា។

នេះជាការប្រកួតប្រជែងមេដាយក្នុងថ្ងៃទី០៤ នៃយុទ្ធនាការដែលមានរយៈពេល ២ឆ្នាំម្តងដែលមានកម្ពុជាធ្វើម្ចាស់ផ្ទះលើកដំបូងនេះ ដ្បិតកីឡាជិះទូកក្តោង (Sailing) ដែលទើបចាប់ផ្តើមប្រកួតនៅថ្ងៃនេះ ធ្វើឡើងនៅខេត្តព្រះសីហនុ គ្រាដែល ៤ប្រភេទកីឡាផ្សេងទៀត ធ្វើនៅរាជធានីភ្នំពេញទាំងអស់។

តួយ៉ាងកីឡាគ្រីឃីត (វាយកូនបាល់នឹងដំបង) ដែលបានចាប់ផ្តើមប្រកួតដំបូងគេតាំងពីថ្ងៃសៅរ៍ ទី២៩ ខែមេសានោះ បានបន្តការប្រកួតនៅផ្លូវសម្តេចតេជោ ហ៊ុន សែន ៦០ម៉ែត្រដដែល នៅពេលកីឡាអុកចត្រង្គ ប្រកួតនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) ហើយកីឡាហុកគ្រីក្នុងសាលវិញ ធ្វើការប្រកួតនៅសួនដាណឺស័រ (Dinosaur Park Hall) ស្ថិតនៅក្នុងខណ្ឌជ្រោយចង្វារ។

ជាមួយគ្នានោះ បាល់ទាត់ ដែលជាប្រភេទកីឡាប្រជាប្រិយភាពជាងគេ ក្នុងចំណោម ៣៧កីឡាសរុបនោះ ដែលមាន ២ប្រកួតនៅថ្ងៃនេះ គឺបន្តធ្វើនៅពហុកីឡដ្ឋានជាតិអូឡាំពិកដដែលដោយមាន U22 មីយ៉ាន់ម៉ា ប៉ះ U22 ទីម័រខាងកើតចាប់ផ្តើមនៅម៉ោង ៤រសៀល មុនពេលក្រុមម្ចាស់ផ្ទះកម្ពុជា ជួបហ្វីលីពីននាម៉ោង ៧យប់ នៃវគ្គសន្សំពិន្ទុលើកទី២ ប្រចាំពូល A។ នេះបើយោងតាមលិខិត CAMSOC ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននាព្រឹកនេះ៕