(ភ្នំពេញ)៖ បើកឆាកប្រកួតកីឡាហុកគី (វិញ្ញាសានារី ក្នុងសាល) នាថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៣ ក្រុមជ្រើសជាតិនារីកម្ពុជា បានចាញ់ឥណ្ឌូណេស៊ី ១-៧ នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម ២០២៣ ស្ថិតជាការប្រកួតប្រជែងវិលជុំ មុនឈានទៅប្រកួតដណ្តើមចំណាត់ថ្នាក់មេដាយ ដែលមាន ៦ក្រុម ក្នុងនោះមានក្រុមកម្ពុជា, ថៃ, ម៉ាឡេស៊ី, ឥណ្ឌូនេស៊ី, សឹង្ហបុរី និងក្រុមហ្វីលីពីន។

សម្រាប់ការប្រកួតបើកឆាក នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម ២០២៣ ឃើញថា ក្រុមជម្រើសជាតិកម្ពុជា បានចាញ់ក្រុមឥណ្ឌូនេស៊ី ៧-១ ហើយក្រុមនារីថៃ បានប្រកួតយកឈ្នះក្រុមនារីហ្វីលីពីន ដោយលទ្ធផល ៨-០ លើទីលានក្នុងសាល។

ប្រកួតបន្ទាប់នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៣ ផ្នែកវិញ្ញាសាកីឡាហុកគី (នារី) គឺមាន ៣ប្រកួត ដោយមានក្រុមជម្រើសជាតិហ្វីលីពីន ប៉ះក្រុមម៉ាឡេស៊ី នាម៉ោង១១៖៤៥នាទីព្រឹក, ហើយក្រុមឥណ្ឌូនេស៊ី ជួបក្រុមសឹង្ហបុរី នៅម៉ោង២៖១៥នាទីរសៀល, ខណៈក្រុមនារីកម្ពុជា ត្រូវជួបក្រុមនារីថៃ ធ្វើឡើងនៅម៉ោង ៤៖៤៥នាទីល្ថាច៕