(បាត់ដំបង)៖ ខេត្តបាត់ដំបង បានរៀបចំទទួលការស្វាគមន៍ព្រះអគ្គិជ័យកីឡា ដោយទទួលបានការស្វាគមន៍ពីថ្នាក់ដឹកនាំខេត្ត ជាមួយនឹងការសាទរពីពលរដ្ឋខ្មែរយ៉ាងច្រើនកុះករ បន្ទាប់ពីព្រះអគ្គិជ័យកីឡា (ភ្លើងគប់) នៃព្រឹត្តិការណ៍កីឡាស៉ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ បានបន្តដំណើរមកដល់ខេត្តបាត់ដំបង បន្ទាប់ពីទទួលបានជោគជ័យ លើការដង្ហែតាមបណ្តាខេត្ត។

គិតចាប់តាំងពីព្រះអគ្គិជ័យកីឡា ចាកចេញពីខេត្តស្ទឹងត្រែង ក្រចេះ កំពង់ចាម និងរាជធានីភ្នំពេញ ខណៈបានបន្តដង្ហែតាមក្បួន ដែលអមជាមួយក្រុមរថយន្ដក្រុមម៉ូតូធំ និងក្រុមជិះកង់ជាច្រើនគ្រឿង ឆ្ពោះមកកាន់ខេត្តកំពង់ឆ្នាំង តាមផ្លូវជាតិលេខ៥ ជាមួយនឹងការឈរអបអរសាទរពីសំណាក់ពលរដ្ឋខ្មែររាប់ម៉ឺននាក់ យ៉ាងច្រើនកុះករនៅខេត្តបាត់ដំបង។

នារសៀលថ្ងៃទី០១ ខែឧសភានេះ ពិធីដង្ហែនេះដឹកនាំដោយលោក នី ផល្លី រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាបេសកជនពិសេស នៃគណៈកម្មាធិការជាតិរៀបចំការ ប្រកួតកីឡាស៊ីហ្គេម-អាស៊ាន ប៉ារ៉ាហ្គេមឆ្នាំ២០២៣ (CAMSOC-CAMAPGOC) ទទួលបានការស្វាគមន៍ពីលោក អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត លោក សុខ លូ អភិបាលខេត្តបាត់ដំបង និងដឹកនាំខេត្ត មន្រ្តីរាជការ កងកម្លាំង អភិបាលក្រុងស្រុក មន្ទីរ អង្គភាព នានាជុំវិញខេត្ត ក្រុមយុវជន ជាច្រើននាក់ទៀតចូលរួមផងដែរ។

សូមជម្រាបថា ព្រះអគ្គិជ័យកីឡា ត្រូវបានដង្ហែចូលដល់ប្រទេសកម្ពុជាវិញនាព្រឹកថ្ងៃទី២៧ ខែមេសា ដែលជាទីតាំងប្រកួតកីឡា SEA Games និង ASEAN Para Games ក្រោយពិធីដង្ហែទៅបណ្តាប្រទេសស្ថិតនៅតំបន់អាស៊ីអាគ្នេយ៍ក្នុងរយៈពេលជាង ១ខែមកនេះ ពោលគឺចាប់ពីថ្ងៃទី២២ ខែមីនា ដល់ថ្ងៃទី២៧ខែមេសា។

បន្ទាប់ពីចំណាប់លោក សុខ លូ និងលោកនី ផល្លី រួចមក ក្បួនបានដង្ហែរទៅតាមដងផ្លូវនានា ក្នុងក្រុង និង យកទៅតម្កល់ទុកនៅវត្តពោធិ៍វាល ១យប់ លុះព្រឹកឡើងដង្ហែរក្បួនហែរឆ្ពោះទៅកាន់ខេត្តបន្ទាយមានជ័យនៅថ្ងៃស្អែក និងបន្តទៅខេត្តជាបន្តទៀតតាមការគ្រោងទុកផងដែរ៕