(ភ្នំពេញ)៖ ដើម្បីចូលរួមគាំទ្រដល់ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ (32nd SEA Games) និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ (12th ASEAN Para Games) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងឆ្នាំ២០២៣នេះ ប្រព្រឹត្តទៅកាន់តែអស្ចារ្យ និងសប្បាយរីករាយ គេឃើញថាក្រុមសិល្បករ-សិល្បការិនីល្បីៗជាច្រើនទូទាំងប្រទេស មកពីផលិតកម្មផ្សេងៗគ្នាបានពួតដៃហាត់សម ប្រកបដោយទឹកចិត្តរំភើបរីករាយ ដើម្បីត្រៀមសម្តែងនៅថ្ងៃបើកព្រឹត្តិការណ៍ស៊ីហ្គេម ដែលនឹងខិតចូលមកដល់នាពេលដ៏ខ្លីខាងមុខ។

ព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ២០២៣ ត្រូវបានប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន កំណត់យកថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ គឺជាថ្ងៃបើកព្រឹត្តិការណ៍ស៊ីហ្គេម។ យ៉ាងណាមិញ បើយើងក្រឡេកមកមើល ពីសកម្មភាពរបស់អ្នកសិល្បៈនៅក្នុងប្រទេសវិញ គឺមានភាពមមាញឹកយ៉ាងខ្លាំង ក្នុងការហាត់សមសមត្ថភាព និងការសម្តែងរបស់ខ្លួនឲ្យកាន់តែល្អ និងស៊ីសង្វាក់គ្នា ដើម្បីត្រៀមបង្ហាញពីសិល្បៈវប្បធម៌ ប្រពៃណី និងការអភិវឌ្ឍន៍នៅកម្ពុជា និងញ៉ាំងបរិយាកាសព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ក្នុងនាមកម្ពុជាជាម្ចាស់ផ្ទះ ឲ្យកាន់តែមានភាពអធិកអធម។

អ្វីដែលមហាជនកត់សម្គាល់នោះ គឺតាមរយៈរូបភាពហាត់សមពីផេក «ដំណើរឆ្ពោះទៅកាន់ស៉ីហ្គេមកម្ពុជា ២០២៣» គឺមានរូបភាពហាត់សម របស់ក្រុមអ្នកសិល្បៈល្បីៗជាច្រើន មកហាត់សមជាបន្តបន្ទាប់ ខណៈកាន់តែដល់ថ្ងៃ ម្នាក់ៗកាន់តែរំភើប។ អ្វីដែលពិសេសនោះ គេសង្កេតឃើញថា ក្នុងនាមជាកូនខ្មែរតែមួយ រស់ក្រោមដំបូលសន្តិភាព គឺអ្នកសិល្បៈគ្រប់ៗរូប មានការសាមគ្គីគ្នាជាខ្លាំង និងគោរពគ្នាទៅវិញទៅមក ពួតដៃគ្នា ធ្វើយ៉ាងណាឲ្យការសម្តែងខាងមុខ កាន់តែអស្ចារ្យ។

គួរជម្រាបថា គិតត្រឹមថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៣នេះ សល់រយៈពេលតែ ៤ថ្ងៃទៀតប៉ុណ្ណោះ នៃដំណើរឆ្ពោះទៅធ្វើម្ចាស់ផ្ទះ នៃការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ដែលត្រូវប្រារព្ធពិធីបើកការប្រកួត នាថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ខាងមុខ។ ការធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម គឺជាមោទនភាព និងមុខមាត់សម្រាប់ប្រទេស និងប្រជាជនកម្ពុជាទាំងមូល ដែលបានរង់ចាំអស់រយៈពេល ៦៤ឆ្នាំមកហើយ៕