(បរទេស)៖ អតីតនាយកប្រតិបត្តិ និងជាស្ថាបនិកក្រុមហ៊ុនបណ្តាញផ្សព្វផ្សាយសង្គម Twitter Inc លោក Jack Dorsey បានរិះគន់យ៉ាងចាស់ដៃទៅលើការដឹកនាំរបស់ Elon Musk ជាមួយនឹងខ្លឹមសារបង្ហោះថា «Musk គួរតែចុះចេញពីតំណែង» ក្រោយការចូលកាន់កាប់ធ្វើឱ្យ Twitter កាន់តែ«យ៉ាប់យឺន»។ នេះបើយោងតាមការចេញផ្សាយរបស់សាព័ត៌មាន CNBC នៅថ្ងៃទី០១ ឧសភា ឆ្នាំ២០២៣។

ចាប់តាំងពី Musk ដាក់ចេញនូវការរៀបចំតម្លៃទាញប្រាក់ចំណូលថ្មីទៅលើសេវាកម្ម Twitter Blue (Blue Checkmark) មានស្ថាប័នកាសែត និងអ្នកប្រើប្រាស់ដែលមានកេរ្តិ៍ឈ្មោះក្នុងសង្គមជាច្រើនបាននាំគ្នាប្រកាសឈប់គាំទ្របណ្តាញផ្សព្វផ្សាយសង្គម Twitter និងខ្លះទៀតសម្រេចលុប App ចោលតែម្តង។ ហេតុផលនេះហើយជម្រុញឱ្យអ្នកប្រើប្រាស់ Bluesky ដែលជាភ្លេតហ្វមមួយរបស់ Twitter ដែលបង្កើតឡើងក្នុងឆ្នាំ២០១៩ បានចោទសួរទៅ Jack Dorsey «ថាតើគាត់ជឿថា Musk គឺជាអ្នកដឹកនាំដ៏ល្អសម្រាប់ Twitter ដែររឺទេ?»។ ចម្លើយយ៉ាងខ្លីពី Jack Dorsey «ទេ» ក្រោមការដឹកនាំរបស់ Musk បានធ្វើឱ្យ Twitter កាន់តែ«យ៉ាប់យឺន» មិនត្រឹមតែបាត់ចំណូលថែមទាំងបាត់អ្នកប្រើប្រាស់ថែមទៀត ដូច្នេះ Musk «គួរតែចាកចេញ»។

មុន Musk ទិញយក Twitter ជាផ្លូវការក្នុងអំឡុងខែតុលា ឆ្នាំមុន Jack Dorsey មានជំនឿថាក្រោមការដឹកនាំរបស់ Musk នឹងធ្វើឱ្យ Twitter កាន់តែរីកចម្រើនដូចទៅនឹងក្រុមហ៊ុនរបស់ Musk បច្ចុប្បន្នដូចជា Tesla នឹង SpaceX។ ខណៈពេលនោះលោក លោកក៏បានបង្ហោះសារគាំទ្រការទិញយករបស់ Musk ផងដែរក្នុងអំឡុងខែមេសា ឆ្នាំ២០២២។ តែយ៉ាងណាក្រោយការកាន់កាប់របស់ Musk ជិតមួយឆ្នាំមកនេះបានធ្វើឱ្យ Jack Dorsey បាត់ជំនឿចិត្ត ហើយថែមទាំងបង្កើនការព្រួយបារម្មណ៌ថា Twitter អាចនឹងបាត់ខ្លួនពីប្រជាប្រិយភាពនៅពេលណាមួយ។

គួរជម្រាបដែរថា ចាប់ពីការទិញយក Twitter ក្នុងតម្លៃ ៤៤ពាន់លានដុល្លារ របស់ Musk មកទល់ពេលនេះបុគ្គលិកស្ទើរតែពាក់កណ្តាលក្រុមហ៊ុនត្រូវបានបញ្ឈប់ រួមជាមួយនឹងការផ្លាស់ប្តូររចនាសម្ព័ន្ធជាច្រើនថែមទៀតផង៕