(ភ្នំពេញ)៖ ការប្រកួតកីឡាអុកចត្រង្គ នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ បានបន្ដការប្រកួតថ្ងៃទី៣ របស់ខ្លួន ខណៈវិញ្ញាសាថ្មីមួយទៀតបានចាប់ផ្ដើមនៅព្រឹកថ្ងៃទី០១ ខែឧសភានេះ គឺវិញ្ញាសាបុរស ៣នាក់ ទល់ ៣នាក់ ៦០នាទី។ រីឯវិញ្ញាសាបុរស ៤នាក់ ទល់ ៤នាក់ ៦០នាទី ក្រុមកម្ពុជាបានបញ្ចប់ការប្រកួតហើយ ដោយត្រូវចាំអ៊ុតលទ្ធផលការប្រកួតចុងក្រោយរវាងក្រុមថៃ និងវៀតណាម ដើម្បីកំណត់ជយលាភីមេដាយប្រាក់ ឬសំរឹទ្ធ។

វិញ្ញាសាបុរស ៣នាក់ ទល់ ៣នាក់ ៦០នាទី គឺជាវិញ្ញាសាទី៤ ក្នុងចំណោម ៧វិញ្ញាសា ដែលត្រូវបានដាក់ក្នុងការប្រកួតព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រនៅកម្ពុជានេះ ដោយមានអត្តពលិក ៦ប្រទេសចូលរួម គឺមានថៃ វៀតណាម មីយ៉ាន់ម៉ា ម៉ាឡេស៊ី ហ្វីលីពីន និងម្ចាស់ផ្ទះកម្ពុជា។ សម្រាប់ប្រកួតបើកឆាកវិញ្ញាសានេះ កម្ពុជាដែលមានកីឡាករ ឈាវ បូរ៉ា, សុខ លឹមហេង និង ជា ស៊ីដេត កំពុងធ្វើការប្រកួតជាមួយក្រុមជម្រើសជាតិមីយ៉ាន់ម៉ា នៅសាលដំបូលទូក នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។

ក្រឡេកទៅចាប់អារម្មណ៍វិញ្ញាសាបុរស ៤នាក់ ទល់ ៤នាក់ ៦០នាទីវិញ នៅសល់ការប្រកួតសន្សំពិន្ទុ ១ជុំទៀតប៉ុណ្ណោះ ប៉ុន្ដែក្រុមកម្ពុជា ដែលមានកីឡាករ ឆយ វីរ៉ា, ជា ស៊ីដេត, ប៊ិន គាសេង និង ម៉េង សេរីសម្បត្តិ បានបញ្ចប់ការប្រកួតវិលជុំរបស់ខ្លួនដោយរកបាន ២,៥ពិន្ទុ ស្មើក្រុមវៀតណាម តែចាញ់ប្រៀបក្រុមថៃ ដែលរកបាន ៣ពិន្ទុ។ ការណ៍នេះនាំឲ្យក្រុមកម្ពុជា របូតឱកាសដណ្ដើមមេដាយមាស ពោលគឺសល់ត្រឹមឱកាសប្រជែងមេដាយប្រាក់ តែត្រូវចាំអ៊ុតការប្រកួតចុងក្រោយរវាងក្រុមថៃ និងវៀតណាម នាចុងសប្ដាហ៍នេះដែរ។

គួរបញ្ជាក់ថា សម្រាប់ប្រភេទកីឡាអុកចត្រង្គ បានចាប់ផ្ដើមការប្រកួតពីថ្ងៃទី២៩ ខែមេសា ហើយគ្រោងនឹងបញ្ចប់នាថ្ងៃទី០៩ ខែឧសភាខាងមុខ។ កីឡាប្រពៃណីរបស់កម្ពុជានេះ មានអត្តពលិក ៧ប្រទេសចូលរួម គឺមានម្ចាស់ផ្ទះកម្ពុជា ថៃ វៀតណាម ហ្វីលីពីន មីយ៉ាន់ម៉ា ម៉ាឡេស៊ី និងឡាវ ដែលមានអត្តពលិកសរុបជិត ១០០នាក់។ មកទល់ពេលនេះមានកីឡា ៤ប្រភេទហើយ ដែលបានចាប់ផ្ដើមការប្រកួត រួមមានកីឡាគ្រីឃីត អុកចត្រង្គ បាល់ទាត់បុរស U22 និងកីឡាហុកគី ក្នុងចំណោមកីឡា ៣៧ប្រភេទ ដែលបានដាក់ក្នុងការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា៕