(បរទេស)៖ ក្រុមហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិកដ៏ធំលំដាប់ថ្នាក់ពិភពលោក Amazon ប្រកាសបញ្ឈប់បុគ្គលិកជុំបន្ទាប់ក្នុងឆ្នាំ២០២៣ នេះទៅលើផ្នែក computing cloud និងផ្នែកធនធានមនុស្ស (HR) ដែលប៉ះពាល់បុគ្គលិកប្រហែល ៩,០០០នាក់ក្រោមគោលការណ៍បញ្ឈប់បុគ្គលិកដើម្បីកាត់បន្ថយចំណាយ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNBC នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៣។

យោងតាមរបាយការណ៍ចេញផ្សាយបានឱ្យដឹងថា នាយកប្រតិបត្តិក្រុមហ៊ុន Amazon Web Service ដែលជាបុត្រសម្ព័ន្ធរបស់ Amazon លោក Adam Selipsky និងប្រធានផ្នែកធនធានមនុស្សអ្នកស្រី Beth Galetti បានជូនដំណឹងទៅកាន់បុគ្គលិក។ តាមរយៈសារជូនដំណឹងនោះបានប៉ះពាល់ដល់ក្រុមហ៊ុន Amazon ចំនួន ៣ប្រទេសរួមមាន សហរដ្ឋអាមេរិក កាណាដា និង កូស្តារីកា ដែលកំពុងត្រូវបានបញ្ឈប់ចំនួនបុគ្គលិក ដែលនេះមិនមែនជាលើកទី១ ឬទី២ សម្រាប់បុគ្គលិក Amazon នោះទេ ហើយគេក៏មិនច្បាស់ថាការបញ្ឈប់លើកនេះជាលើកចុងក្រោយ ឬយ៉ាងណា។

គិតមកទល់ពេលនេះបុគ្គលិក Amazon សរុប ១៨,០០០នាក់ត្រូវបានបញ្ឈប់ និងបុគ្គលិកផ្នែកតូចៗមួយចំនួនទៀតដែលគេមិនរាប់បញ្ចូល។ រួមបញ្ចូលទាំងការកាត់បន្ថយបុគ្គលិកបន្ថែមទៀតក្នុងខែនេះបង្ហាញពីការបញ្ឈប់ការងារដ៏ធំបំផុតនៅក្នុងប្រវត្តិសាស្រ្តរយៈពេល ២៩ឆ្នាំរបស់ក្រុមហ៊ុន Amazon៕