(ភ្នំពេញ)៖ ក្រុមជម្រើសជាតិបាល់ទាត់ U22 វៀតណាម បានយកឈ្នះក្រុមឡាវ ២-០ ទទួលបាន ៣ពិន្ទុដំបូង ស្ថិតក្នុងពូល B សម្រាប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ផ្នែកវិញ្ញាសាបាល់ទាត់បុរស នឹងជាការប្រកួតបើកឆាកដំបូងរបស់ពួកគេដែលក្នុងពូលមាន ៥ក្រុម។ ការធ្វើឡើងនាកីឡដ្ឋានវិសាខា នាយប់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៣។

ការសម្រុកគ្នាទៅវិញទៅមក ក្រុមវៀតណាម រកបានតែលទ្ធផល ២-០ ធ្វើបានដោយកីឡាករ VAN TUNG NGUYEN ពាក់អាវលេខ៩ នៅនាទី១ ស្ថិតក្នុងតង់ទី១ ហើយនៅតង់ទី២ កីឡាករលេខ៩ Quoc Viet Nguyen នៅនាទី៩០។

ជម្រាបផងថា ក្រោយបញ្ចប់ការប្រកួតទី១ នៃពូល B សម្រាប់វិញ្ញាសាបាក់ទាត់បុរស ក្រុមជម្រើសជាតិ U22 វៀតណាម នឹងក្រុមជម្រើសជាតិថៃ សុទ្ធតែរកបាន ៣ពិន្ទុស្មើគ្នាជាបណ្តោះអាសន្ន។

គូសបញ្ជាក់ផងថា ស្ថិតក្នុងពូល B មានក្រុម U22 វៀតណាម, ថៃ, ឡាវ, សឹង្ហបុរី, នឹងក្រុមម៉ាឡេស៊ី ខណៈក្រុមវៀតណាម គឺជាក្រុមការពារតំណែងជើងឯកមេដាយមាស ហើយក្រុម U22 ថៃ ជាក្រុមជើងឯករង ដែលយកបានមេដាយប្រាក់ កាលពីព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣១៕