(ភ្នំពេញ)៖ ធនាគារ វីង (ខេមបូឌា) ម.ក និងក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ម.ក បានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់ ដើម្បីសហការផ្តល់ឥណទានរថយន្ត។ តាមរយៈកិច្ចសហការនាពេលលនេះ នឹងផ្តល់ជាមធ្យោបាយងាយស្រួល និងលឿនរហ័សសម្រាប់អតិថិជនដើម្បីក្លាយជាម្ចាស់រថយន្ត Ford ស៊េរីទំនើប ដោយមិនចាំបាច់មានសាច់ប្រាក់ក្នុងដៃមុននោះឡើយ។

ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា (MoU) ត្រូវបានរៀបចំធ្វើឡើងនៅថ្ងៃ សុក្រ ទី២៨ ខែ មេសា ឆ្នាំ២០២៣ ដើម្បីប្រកាសភាពជាដៃគូសហការលើការផ្តល់ឥណទានរថយន្ត ដែលចុះហត្ថលេខាដោយ លោក ហាន ប៉េង ក្វាង អគ្គនាយកធនាគារ វីង និងលោក ងន សាំង អគ្គនាយក ក្រុមហ៊ុន អ អិម អេ (ខេមបូឌា)។ ពិធីនេះក៏មានការអញ្ចើញចូលរួមពីគណៈគ្រប់គ្រងមកពីស្ថានប័នទាំងពីរ និងភ្ញៀវកិត្តិយសជាច្រើនផងដែរ។

អគ្គនាយកធនាគារ វីង លោក ហាន ប៉េង ក្វាង បានថ្លែងថា «យើងពិតជាមានសេចក្តីសោមន្សរីករាយ ដែលបានក្លាយជាដៃគូសហការជាមួយ ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ដើម្បីរួមគ្នាផ្តល់ដំណោះស្រាយដ៏មានសារៈសំខាន់មួយសម្រាប់អតិថិជន។ យើងជឿជាក់ថាគ្រប់គ្នាស័ក្តិសម នឹងទទួលបានឱកាសក្លាយជាម្ចាស់រថយន្តក្នុងក្តីស្រមៃរបស់ពួកគេ។ ហើយយើងចង់ធ្វើឲ្យក្តីស្រមៃនោះក្លាយជាការពិត សម្រាប់អតិថិជន មិនថាជាប្រជាជនកម្ពុជា ឬជនជាតិបរទេសកំពុងរស់នៅប្រទេសកម្ពុជា ដែលអតិថិមិនបារម្ភលើការចំណាយប្រាក់កក់ ហើ យថែមទាំងមិនចំណាយបង់ការប្រាក់រយៈពេល ១២ ខែ»

ធនាគារ វីង គឺជាគ្រឹះស្ថានធនាគារ ដែលផ្តល់ដំណោះស្រាយហិរញ្ញវត្ថុសំបូរបែប និងជាស្ថាប័នធនាគារ ដែលកំពុងបង្ហាញការរីកចម្រើនគួរឲ្យកត់សម្គាល់នៅក្នុងប្រទេសកម្ពុជា។ ចំណែកឯ ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) គឺជាក្រុមហ៊ុនតែមួយគត់ដែលនាំចូល និងចែកចាយនូវរថយន្ត Ford ប្រចាំទីផ្សារប្រទេសកម្ពុជា។

តាមរយៈកិច្ចសហការនាពេលនេះ អតិថិជននឹងទទួលបានអត្ថប្រយោជន៍ពីការស្នើកម្ចីពីធនាគារ វីង ដែលមានភាពងាយស្រួល នឹងអនុម័តកម្ចីលឿនតាមដែលអាចធ្វើទៅបាន បន្ទាប់ពីអតិថិជនបានបំពេញឯកសារចាំបាច់ និងឆ្លងកាត់ដំណើរការពិនិត្យរបស់ធនាគាររួចរាល់។ លក្ខខណ្ឌក្នុងការផ្តល់ឥណទាន រថយន្តនេះ គឺមានភាពទាក់ទាញ ដែលអតិថិជនអាចទទួលបានទំហំកម្ចីរហូតដល់ទៅ ១០០ ភាគរយ នៃតម្លៃរថយន្ត ឬទំហំកម្ចីច្រើនបំផុត ១០០ ០០០ ដុល្លារអាមេរិក។

លោក ងន សាំង អគ្គនាយកក្រុមហ៊ុន អ អិម អេ (ខេមបូឌា) បានថ្លែងថា «សម្រាប់អតិថិជនដែលមានបំណងចង់ក្លាយជាម្ចាស់រថយន្ត ឥឡូវនេះយើងមានការផ្តល់ជូនពិសេសគឺ ការទិញរថយន្តដោយមិនតម្រូវមានប្រាក់កក់ និងការបង់រំលស់មិនចំណាយការប្រាក់ពេញមួយឆ្នាំពេញសម្រាប់រថយន្តម៉ូដែល Wildtrak,  Everest, EcoSport និងម៉ូដែល Territory ស៊េរីឆ្នាំ ២០២២។ នេះគឺជាលើកទី១ ដែលក្រុមហ៊ុន អ អិម អេ (ខេមបូឌា) និងធនាគារ វីង បានបង្កើតឲ្យមានកិច្ចសហការបែបនេះឡើង ហើយនេះគ្រាន់តែជាការចាប់ផ្តើមប៉ុណ្ណោះ»

លោក ងន សាំង បានបន្តថា «បច្ចុប្បន្នក្រុមហ៊ុន ហ្វដ បានពង្រីកនូវវិសាលភាពនៃគ្រឿងបន្លាស់ និងសេវាកម្មជួសជុលរថយន្តនៅតាមបណ្តាខេត្តផ្សេងៗដូចជា ខេត្តកំពង់ចាម និងខេត្តសៀមរាប ហើយយើងក៏មានយានដ្ឋានដៃគូសហការជាច្រើននៅទូទាំង២៥ខេត្តក្រុងក្នុងប្រទេសកម្ពុជា។ ថ្មីៗនេះយើងក៏បានបង្កើតការិយាល័យផ្នែកទំនាក់ទំនងអតិថិជន ដើម្បីផ្តល់នូវសេវាកម្មឆាប់រហ័ស និងភាពងាយស្រួលដល់អតិថិជនក្នុងការសាកសួរព័ត៌មាន ឬអាចទំនាក់ទំនងដោយផ្ទាល់ជាមួយអ្នកជំនាញរបស់យើង»

អតិថិជនអាចអញ្ជើញមកទស្សនាអគារតាំងបង្ហាញរថយន្ត Ford នៅគ្រប់សាខាក្នុងរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្តផ្សេងៗដូចជា ខេត្តកំពង់ចាម និងខេត្តសៀមរាប ដើម្បីស្វែងយល់បន្ថែមអំពីការផ្តល់ជូន និងស្នើកម្ចីទិញរថយន្តពីធនាគារ វីង។ ការផ្តល់ជូននេះ គឺជាឱកាស ដ៏ល្អសម្រាប់អតិថិជនដើម្បីក្លាយជាម្ចាស់រថយន្ត Ford ស៊េរីទំនើប ហើយថែមទាំងរីករាយជាមួយជម្រើសផ្តល់ការទូទាត់មានភាពបត់បែន ៕