(ភ្នំពេញ)៖ យោងតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា មាត្រា ៤៤ កថាខណ្ឌ ១ បានបញ្ញត្តិថា មានតែរូបវន្តបុគ្គល ឬនីតិបុគ្គលដែលមានសញ្ជាតិខ្មែរទេ ទើបមានសិទ្ធិជាម្ចាស់កម្មសិទ្ធិលើដីធ្លី ។ មាត្រានេះបញ្ញត្តិទ្បើងដើម្បីទទួលស្គាល់ពលរដ្ឋ និងជនបរទេសដែលមានសញ្ជាតិជាខ្មែរតែប៉ុណ្ណោះ ទើបអាចក្លាយជាម្ចាស់កម្មសិទ្ធិ និងទទួលបានការគាំពារពីច្បាប់ ។

ប៉ុន្តែដើម្បីឆ្លើយតបទៅតាមស្ថានភាពជាក់ស្ដែង ជាពិសេសលំហូរចូលរបស់វិនិយោគិនបរទេសមកកាន់ប្រទេសកម្ពុជា ចាំបាច់ត្រូវមានការសម្របសម្រួលបង្កើតឱ្យមានវិធាននានាបន្ថែម ។ ជាលទ្ធផល «ច្បាប់ស្ដីពីការផ្ដល់សិទ្ធិកម្មសិទ្ធិលើចំណែកឯកជននៃអគារសហកម្មសិទ្ធិដល់ជនបរទេស» ចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១០ ត្រូវបានបង្កើតឡើង ដែលផ្ដល់លក្ខខណ្ឌពិសេសដល់ជនបរទេសទាំងឡាយ ក្នុងការទទួលបានសិទ្ធិក្លាយជាកម្មសិទ្ធិករស្របច្បាប់លើចំណែកឯកជននៃអគារសហកម្មសិទ្ធិ ។ ច្បាប់នេះ ក៏មានគោលបំណងបង្កលក្ខណៈងាយស្រួលដល់ជនបរទេសក្នុងការមកវិនិយោគទុននៅប្រទេសកម្ពុជា ក៏ដូចជាជួយគាំទ្រដល់ការរីកដុះដាលនៃវិស័យអចលនទ្រព្យ និងវិស័យសំណង់នៅក្នុងប្រទេសផងដែរ ។

ដូចនេះដើម្បីជ្រាបឱ្យកាន់តែច្បាស់ថា តើជនបរទេសមានសិទ្ធិកម្រិតណាលើចំណែកឯកជននៃអគារសហកម្មសិទ្ធិ ? កម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពសារព័ត៌មាន Fresh News សហការជាមួយ ក្រុមហ៊ុនមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ សូមលើកយកប្រធានបទស្ដីពី «សិទ្ធិកម្មសិទ្ធិលើចំណែកឯកជននៃអគារសហកម្មសិទ្ធិរបស់ជនបរទេស» មកធ្វើការបកស្រាយជូនសិស្ស និស្សិត និងបងប្អូនប្រជាពលរដ្ឋទាំងអស់ នៅក្នុងសប្ដាហ៍នេះ ។

មុននឹងឈានដល់ការបកស្រាយអំពីប្រធានបទខាងលើ យើងគប្បីស្វែងយល់ពីពាក្យគន្លឹះមួយចំនួនជាមុនសិន ដែលត្រូវបានឱ្យនិយមន័យក្នុងច្បាប់ ដូចខាងក្រោម៖

* កម្មសិទ្ធិ សំដៅទៅលើសិទ្ធិដែលកម្មសិទ្ធិករនោះអាចប្រើប្រាស់ អាស្រ័យផល និងចាត់ចែងវត្ថុដែលជាកម្មសិទ្ធិរបស់ខ្លួន ដោយសេរីបាន នៅក្នុងទំហំដែលច្បាប់បានកម្រិត (មាត្រា ១៣៨ នៃក្រមរដ្ឋប្បវេណី) ។
* ជនបរទេស សំដៅដល់រូបវន្តបុគ្គល ឬ នីតិបុគ្គលបរទេសដែលមិនមានសញ្ជាតិខ្មែរ ទោះបីជាបុគ្គលនោះមានសញ្ជាតិ ជំនឿ សាសនា ឬ មានដើមកំណើតពីពូជសាសន៍ ណាមួយក៏ដោយ ដោយគ្មានការរើសអើង ។
* ជនបរទេសដែលមានលក្ខណសម្បត្តិគ្រប់គ្រាន់តាមផ្លូវច្បាប់ សំដៅដល់ជនបរទេសដែលមានសមត្ថភាពតាមច្បាប់កម្ពុជា និងបានចូលមកព្រះរាជាណាចក្រកម្ពុជាដោយស្របច្បាប់ ។
* អគារសហកម្មសិទ្ធិ សំដៅដល់អគារ ឬ សំណង់ដែលមានកម្មសិទ្ធិករច្រើននាក់រស់នៅ ។ អគារសហកម្មសិទ្ធិ មានចំណែកខ្លះជាកម្មសិទ្ធិផ្ដាច់មុខរបស់សហកម្មសិទ្ធិករនីមួយៗហៅថា «ចំណែកឯកជន» និងមានចំណែកខ្លះហៅថាលំហរួម សម្រាប់ការប្រើប្រាស់រួមរបស់សហកម្មសិទ្ធិករទាំងអស់ហៅថា “ចំណែករួម” ។ ប្រភេទនៃអគារសហកម្មសិទ្ធិទាំងនោះមានជាអាទិ៍ ភូមិគ្រឹះ ពាក់កណ្តាលភូមិគ្រឹះ ផ្ទះល្វែងដែលមានច្រើនល្វែងនិងច្រើនជាន់ជាប់គ្នា ខុនដូ ប្រភេទផ្ទះផ្សេងទៀត ដែលមានរចនាសម្ព័ន្ធជាប់គ្នា ។
* ចំណែកឯកជន សំដៅដល់ចំណែកនៃអគារសហកម្មសិទ្ធិដែលស្ថិតក្រោមការកាន់កាប់ និងប្រើប្រាស់ជាឯកជនផ្ដាច់មុខ ។
* ចំណែករួម សំដៅដល់រាល់ចំណែកនៃអគារសហកម្មសិទ្ធិដែលត្រូវចាត់ជាកម្មវត្ថុសម្រាប់ការប្រើប្រាស់ ឬ ជាប្រយោជន៍នៃសហកម្មសិទ្ធិករទាំងអស់ មានជាអាទិ៍ ដី ទីធ្លា ជណ្តើរ ដំបូល ឧទ្យាននិងសួនច្បារ ផ្លូវ ច្រកចេញចូល ជញ្ជាំងអឌ្ឍសិទ្ធិ ទីកនែ្លងនៃសេវាកម្មរួម ។

បើយោងតាមមាត្រា ៥ នៃច្បាប់ស្ដីពីការផ្ដល់សិទ្ធិកម្មសិទ្ធិលើចំណែកឯកជននៃអគារសហកម្មសិទ្ធិដល់ជនបរទេសខាងលើ ជនបរទេសដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់តាមផ្លូវច្បាប់ មានសិទ្ធិកម្មសិទ្ធិលើចំណែកឯកជននៃអគារសហកម្មសិទ្ធិ និងសិទ្ធិប្រើប្រាស់ និងអាស្រ័យផលលើចំណែករួម ដោយត្រូវគោរពតាមបទបញ្ញត្តិពាក់ព័ន្ធ ។ ក្នុងន័យនៃច្បាប់នេះ ជនបរទេសត្រូវបានហៅម៉្យាងទៀតថាជា សហកម្មសិទ្ធិករពិសេស ។ យ៉ាងណាមិញ ការទទួលបានកម្មសិទ្ធិរបស់ជនបរទេស ក៏ត្រូវបានកម្រិតក្រោមលក្ខខណ្ឌមួយចំនួនផងដែរ ។ ជាក់ស្ដែង មាត្រា ៦ នៃច្បាប់នេះដដែល បានអនុញ្ញាតឱ្យជនបរទេសក្លាយជាកម្មសិទ្ធិករលើចំណែកឯកជននៃអគារសហកម្មសិទ្ធិ ចាប់ពីជាន់ទី១ (មួយ) ឡើងទៅ និងត្រូវបានហាមឃាត់ចំពោះជាន់ផ្ទាល់ដី និងជាន់ក្រោមដី ។

ម៉្យាងវិញទៀត ជនបរទេសមិនមែនសុទ្ធតែអាចក្លាយជាកម្មសិទ្ធិករលើចំណែកឯកជន នៅគ្រប់តំបន់នៃប្រទេសកម្ពុជាឡើយ ។ ជនបរទេសត្រូវបានហាមប្រាមមិនឱ្យទទួលបានកម្មសិទ្ធិ ចំពោះអគារសហកម្មសិទ្ធិដែលស្ថិតនៅក្នុងចំងាយ ៣០ (សាមសិប) គីឡូម៉ែត្រ ពីព្រំដែនគោក និងតំបន់មួយចំនួនទៀតដែលកំណត់ដោយរាជរដ្ឋាភិបាល លើកលែងតែអគារសហកម្មសិទ្ធិនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ទីប្រជុំជនសំខាន់ៗ និងតំបន់ផ្សេងទៀតដែលកំណត់ដោយរាជរដ្ឋាភិបាល ។ អ្វីដែលគួរឱ្យកត់សម្គាល់មួយទៀតនោះគឺ ជនបរទេសអាចមានសិទ្ធិកម្មសិទ្ធិលើចំណែកឯកជននៃអគារសហកម្មសិទ្ធិមួយកន្លែងមិនលើសពី ៧០ (ចិតសិប) ភាគរយ នៃទំហំផ្ទៃក្រឡានៃចំណែកឯកជនទាំងអស់នៃអគារសហកម្មសិទ្ធិឡើយ (មាត្រា ២ នៃអនុក្រឹត្យលេខ ៨២ អនក្រ.បក ចុះថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១០ ស្ដីពីការកំណត់ចំនួនសមាមាត្រ និងរបៀបគិតគូរចំណែកឯកជនដែលអាចជាកម្មសិទ្ធិរបស់ជនបរទេសនៅក្នុងអគារសហកម្មសិទ្ធិ) ។

ដើម្បីអាចបញ្ជាក់ពីភាពច្បាស់លាស់ក្នុងនាមជាម្ចាស់កម្មសិទ្ធិករនៃចំណែកឯកជនបាន សហកម្មសិទ្ធិករទាំងជនជាតិខ្មែរ និងបរទេស ត្រូវស្នើសុំចុះបញ្ជីក្នុងសៀវភៅគោលបញ្ជី និងស្នើសុំវិញ្ញាបនបត្រសម្គាល់ម្ចាស់ចំណែកឯកជន ដែលចេញដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ។ វិញ្ញាបនបត្រនេះ មានកត់ត្រានូវទិន្នន័យសំខាន់ៗមួយចំនួនដូចជា ឈ្មោះសហកម្មសិទ្ធិករ លេខយោងសម្គាល់ចំណែកឯកជន ទំហំ ទីតាំង និងប្រភេទទ្រព្យ (មាត្រា ១៨ និង ១៩ នៃអនុក្រឹត្យលេខ ១២៦ អនក្រ.បក ចុះថ្ងៃទី១២ ខែសីហា ឆ្នាំ២០០៩ ស្ដីពីការគ្រប់គ្រង និងប្រើប្រាស់អគារសហកម្មសិទ្ធិ) ។

សរុបមក ជនបរទេសអាចក្លាយជាសហកម្មសិទ្ធិករពិសេសនៃចំណែកឯកជនបាន ប៉ុន្តែមិនអាចប្រើប្រាស់ចំណែកឯកជនរបស់ខ្លួនក្នុងគោលបំណងព្យាបាទ បំពាន ឬ រាំងស្ទះដល់ការប្រើប្រាស់ ឬ រំខានដល់ជីវភាពរស់នៅរបស់សហកម្មសិទ្ធិករផ្សេងទៀតឡើយ ។ ទន្ទឹមនឹងនេះ សហកម្មសិទ្ធិករពិសេសនៃចំណែកឯកជន ក៏មិនត្រូវប្រព្រឹត្តអំពើណាដែលនាំឱ្យប៉ះពាល់ដល់ការថែរក្សាអគារសហកម្មសិទ្ធិ ឬ អំពើផ្សេងទៀតដែលផ្ទុយនឹងប្រយោជន៍រួមរបស់សហកម្មសិទ្ធិករលើចំណែកឯកជន ទាក់ទងនឹងការគ្រប់គ្រង ឬ ប្រើប្រាស់អគារសហកម្មសិទ្ធិនោះដែរ ។

រៀបរៀងដោយ៖ លោកមេធាវី ម៉េង វណ្ណី និងកញ្ញា គន្ធ វិជិតា ជាជំនួយការមេធាវី និងជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់នៃ ក្រុមហ៊ុនមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារស៊ីអាយស៊ី (CIC) លេខ ១២៦៥ ផ្លូវលំ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនងលេខ៖ ០២៣ ៩៨៦ ២៤៥ / ០៧៨ ២៧២ ៧៨៥ ឬអ៉ីម៉ែល៖ [email protected] គេហទំព័រ៖ www.ciclf.com ឬហ្វេសបុកផេក៖ Cambodia International Cooperation Law Firm ៕