(ភ្នំពេញ)៖ នៅសល់រយៈពេល ៥ថ្ងៃទៀតប៉ុណ្ណោះ ពិធីបើកការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ នៅកម្ពុជា នឹងមកដល់ ពោលគឺនៅល្ងាចថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ ខាងមុខ ខណៈម្ចាស់ផ្ទះកម្ពុជាបានជ្រើសរើសកីឡាករជម្រើសជាតិប្រដាល់គុនខ្មែរ ព្រំ សំណាង ដើម្បីកាន់ទង់ជាតិកម្ពុជាដង្ហែក្នុងពិធីបើកព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រនៅកម្ពុជា។ នេះបើតាមការជូនដំណឹងលើទំព័រហ្វេសប៊ុកផ្លូវការរបស់គណៈកម្មាធិការជាតិ CAMSOC។

សូមបញ្ជាក់ថា ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ នៅកម្ពុជា នឹងប្រារព្ធពិធីបើក នាថ្ងៃទី០៥ ខែឧសភា និងបិទនាថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣។ ព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រនៅកម្ពុជានេះ បានកំណត់កីឡាចំនួន ៣៧ប្រភេទដាក់ក្នុងការប្រកួត ស្មើនឹង ៥១៧វិញ្ញាសា ប៉ុន្ដែកីឡាមួយចំនួនបានចាប់ផ្ដើមការប្រកួតមុនពិធីបើក ជាក់ស្ដែងកីឡាគ្រីឃីត អុកចត្រង្គ និងកីឡាបាល់ទាត់បុរសជាដើម ដែលបានបើកការប្រកួតរបស់ខ្លួន តាំងពីថ្ងៃទី២៩ ខែមេសាម្សិលមិញ។

ក្រឡេកមកចាប់អារម្មណ៍អ្នកលេងគុនខ្មែរ ព្រំ សំណាង ដែលទទួលបានសេចក្ដីទុកចិត្តពីថ្នាក់ដឹកនាំ CAMSOC ដើម្បីកាន់ទង់ជាតិកម្ពុជាដង្ហែក្នុងពិធីបើកព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ គឺជាម្ចាស់មេដាយសំរឹទ្ធ កីឡាស៊ីហ្គេម លើកទី៣១ នៅទីក្រុងហាណូយ ប៉ុន្ដែមួយរយៈពេលចុងក្រោយនេះ សំណាង បានសាងភាពភ្ញាក់ផ្អើលជាបន្ដបន្ទាប់លើសង្វៀនគុនខ្មែរ ទាំងថ្នាក់ជាតិ និងអន្ដរជាតិ ហើយគេក៏បានតាំងចិត្តក្នុងការដណ្ដើមមេដាយមាសជូនជាតិ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើទឹកដីរបស់ខ្លួនផងដែរ៕