(ភ្នំពេញ)៖ កីឡាករ សុខ លឹមហេង ដែលទើបឈ្នះជើងឯកស្ដេចអុកអង្គរសង្ក្រាន្ដ កាលពីថ្មីៗ ព្រមទាំងមិត្ដរួមជាតិ នូ ច័ន្ទផានិត រួមជាមួយកីឡាករវៀតណាម ២រូបផ្សេងទៀតបានឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ក្រោយឈរកំពូលតារាងប្រចាំពូលរៀងៗខ្លួន បន្ទាប់ពីបញ្ចប់ការប្រកួតវិលជុំសន្សំពិន្ទុកាលពីម្សិលមិញ នៅសាលដំបូលទូកនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ។

បេក្ខភាពវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រខាងលើ បានបញ្ចប់លើវិញ្ញាសាឯកត្ដជនបុរស ៥នាទី។ បន្ទាប់ពីឆ្លងកាត់ការប្រកួតវិលជុំក្នុងពូល កីឡាករកម្ពុជាទាំង ២រូប សុទ្ធតែឈរកំពូលតារាង ក្នុងនោះកីឡាករ សុខ លឹមហេង បានឈរកំពូលតារាងពូល A រកបាន ៤,៥ពិន្ទុ ខណៈកីឡាករវៀតណាម Guang Trung Nguyen ឈរលេខ២ រកបាន ៤ពិន្ទុ ក្នុងចំណោមកីឡាករប្រកួតប្រជែងសរុប ៦នាក់។ រីឯកីឡាករ នូ ច័​ន្ទផានិត បានឈរកំពូលតារាងពូល B ដោយរកបាន ៤,៥ពិន្ទុ និងកីឡាករវៀតណាម Nam Thang Hoang ឈរលេខ២ រកបាន ៤ពិន្ទុដូចគ្នា។

យោងតាមកម្មវិធីប្រកួតរបស់គណៈកម្មការ សម្រាប់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រវិញ្ញាសាឯកត្តជនបុរស ៥នាទីនេះ នឹងធ្វើការប្រកួតនាថ្ងៃទី០៦ ខែឧសភា ក្រោយពិធីបើកការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ជាផ្លូវការ ១ថ្ងៃ។ ចំណែកវិញ្ញាសាផ្សេងៗ ក៏កំពុងបន្ដការប្រកួតផងដែរ ដើម្បីស្វែងរកបេក្ខភាពឡើងវគ្គបន្ដ ក៏ដូចជាស្វែងរកម្ចាស់ជយលាភីមេដាយ តាមវិញ្ញាសានីមួយៗជាដើម។

គួរដឹងថា ការប្រកួតកីឡាអុកចត្រង្គ នៃព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ នៅកម្ពុជា គឺមានអត្តពលិកជិត ១០០នាក់ មកពី ៧ប្រទេសចូលរួម រួមមានម្ចាស់ផ្ទះកម្ពុជា ថៃ វៀតណាម ហ្វីលីពីន មីយ៉ាន់ម៉ា ម៉ាឡេស៊ី និងឡាវ៕