(ភ្នំពេញ)៖ ៣ប្រភេទកីឡារួមមាន គ្រីឃីក អុកចត្រង្គ និងបាល់ទាត់ វិញ្ញាសាផ្នែកបុរស នឹងបន្តធ្វើការប្រកួតនៅអាទិត្យ ទី៣០ ខែមេសានេះ នៃព្រឹត្តិការណ៍កីឡា SEA Games 2023 នៅប្រទេសកម្ពុជា។

គ្រីឃីក ជាប្រភេទកីឡាដែលបានចាប់ផ្តើមប្រកួតមុនគេនាព្រឹកថ្ងៃសៅរ៍ ទី២៩ ខែមេសា ក្នុងចំណោម ៣៧ប្រភេទកីឡា ដែលដាក់ឲ្យប្រកួតប្រជែងមេដាយនៅក្នុងយុទ្ធនាការ ២ឆ្នាំម្តងប្រចាំតំបន់អាស៊ីអាគ្នេយ៍ លើកទី៣២ និងសុទ្ធសឹងតែបានធ្វើឡើងនៅរាជធានីភ្នំពេញទាំងអស់ផងដែរ ក្នុងចំណោម ៣៧ប្រភេទកីឡាសម្រាប់ SEA Games លើកដំបូងនៅកម្ពុជានេះ។

យ៉ាងណាមិញ បើយោងតាមលិខិតដែលអង្គភាពព័ត៌មាន Fresh News ទទួលបានពីគណៈកម្មាធិការជាតិរៀបចំការ ប្រកួតកីឡាស៊ីហ្គេម លើកទី៣២ (CAMSOC) បានបញ្ជាក់ថា ការប្រកួតប្រជែងនឹងដំណើរការប្រកួតរហូតដល់ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៣ ទើបមានការចែកជូនមេដាយចំនួន ៤គ្រឿង មុនពិធីបើកជាផ្លូវការនឹងធ្វើឡើងនៅថ្ងៃទី០៥ ខែឧសភាតែម្តង៕