(ភ្នំពេញ)៖ ក្រុមជម្រើសជាតិបាល់ទាត់ U22 កម្ពុជា រកបាន ៣ពិន្ទុដំបូង ទៅលើក្រុមអាយុក្រោម U22 ទីម័រខាងកើត ក្នុងលទ្ធផល ៤-០ នៃប្រកួតបើកឆាកប្រចាំពូល A ធ្វើឲ្យមានពិន្ទុស្មើជាមួយក្រុមឥណ្ឌូនេស៊ី សម្រាប់វិញ្ញាសាបាល់ទាត់ផ្នែកបុរស ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

ការប្រកួតពេញម៉ោង U22 កម្ពុជា រកបានគ្រាប់ស៊ុតយ៉ាងអស្ចារ្យ ២គ្រាប់នៃវគ្គទី១ របស់ក្រុមម្ចាស់ផ្ទះកម្ពុជា ធ្វើបានសម្រេចដោយកីឡាករ ជូ ស៊ិនទិ នៅនាទី៣៩ និងនាទី៤៥+២, ដ្បិតការសហការគ្នាបានយ៉ាងល្អនៃវគ្គទី២ កីឡាករ ស រតនា ធ្វើបាននៅនាទី៧៣ ហើយកីឡាករ លឹម ពិសុទ្ធ រកបាននៅនាទី៨២។

រំលឹកផងថា ស្ថិតក្នុងពូល A ប្រកួតទី១ ក្រុម U22កម្ពុជា នឹងក្រុមឥណ្ឌូនេស៊ី រកបាន ៣ពិន្ទុស្មើគ្នា ដ្បិតក្រុមកម្ពុជា រកបានចំណេញ ៤គ្រាប់ច្រើនជាងគេជាបណ្តោះអាសន្នក្រុម ក្រោយឆ្លងកាត់ប្រកួតបើកឆាកផ្នែកវិញ្ញាសាបាល់ទាត់បុរស អាយុក្រោម U22។

ប្រកួតទី២ ស្ថិតក្នុងពូល A របស់ក្រុមម្ចាស់ផ្ទះ U22 កម្ពុជា ត្រូវជួបក្រុមហ្វីលីពីន នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៣ នាវេលាម៉ោង ៧៖០០នាទីនៅពហុកីឡដ្ឋានជាតិអូឡាំពិកនេះដដែល នៃព្រឹត្តិការណ៍ស៊ីហ្គេម ២០២៣៕