(ភ្នំពេញ)៖ ១ប្រកួតបើកឆាកសម្រាប់ក្រុមបាល់ទាត់ជម្រើសជាតិយុវជនអាយុក្រោម ២២ឆ្នាំរបស់ម្ចាស់ផ្ទះកម្ពុជា ទល់នឹង U22 ទីម័រខាងកើតនៅព្រឹត្តិការណ៍កីឡា SEA Games 2023 ចាប់ផ្តើម ដែលនេះជាការប្រកួតប្រជែងដណ្តើម ៣ពិន្ទុយ៉ាងសំខាន់ស្ថិតក្នុងពូល A ដ្បិតមានក្រុមឥណ្ឌូនេស៊ី បានឡើងឈរកំពូលតារាងក្រោយយកឈ្នះគូប្រជែង U22 ហ្វីលីពីន ៣-០។

តាមរយៈលទ្ធផលកំពូលតារាងរបស់ក្រុមឥណ្ឌូនេស៊ី រកបាន ៣-០ ដូច្នេះក្រុមជម្រើសជាតិកម្ពុជា ត្រូវព្យាយាមស្វែងរកបានឲ្យលទ្ធផលលើស ៣-០ នោះអាចមាននៅឱកាសឡើងនាំមុខតារាងចំណាត់ថ្នាក់ពូល A បានតាមការយកឈ្នះ U22 ទីម័រខាងកើត នៃប្រកួតទីដំបូងនេះ។

ការប្រកួតនាម៉ោង ៧យប់ថ្ងៃសៅរ៍ ទី២៩ ខែមេសា ឆ្នាំ២០២៣ នេះដែរ គឺបានធ្វើឡើងនៅពហុកីឡដ្ឋានជាតិអូឡាំពិក ក្រោយការប្រកួតរវាងក្រុម U22 ឥណ្ឌូនេស៊ី និង U22 ហ្វីលីពីននាម៉ោង ៤រសៀលនៃវគ្គសន្សំពិន្ទុប្រចាំពូល A ដែលមាន ៥ក្រុមឥណ្ឌូនេស៊ី ហ្វីលីពីន ទីម័រខាងកើត មីយ៉ាន់ម៉ា និងម្ចាស់ផ្ទះកម្ពុជា។

ការប្រកួតនេះដែរ អ្នកគាំទ្រទាំងជាតិ និងអន្តរជាតិ ទទួលបានសំបុត្រចូលទស្សនាដោយមិនគិតថ្លៃឡើយ, វិញ្ញាសាបាល់ទាត់ផ្នែកបុរស គឺជាប្រភេទកីឡាទី៣ នៅព្រឹត្តិការណ៍ SEA Games លើកទី៣២ ដែលបានចាប់ផ្តើមប្រកួតមុនគេក្នុងថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣ បន្ទាប់ពីកីឡាគ្រីឃីត និងកីឡាអុកចត្រង្គ បានដំណើរការនាពេលព្រឹកមិញនេះ មុនពិធីបើកព្រឹត្តិការណ៍ជាផ្លូវការនៅថ្ងៃទី០៥ ខែឧសភាខាងមុខនេះ៕