(បរទេស)៖ អតីតបុគ្គលិក Apple ម្នាក់ត្រូវបានសម្រេចឱ្យជាប់ពន្ធធនាគាររយៈពេល ៣ឆ្នាំនិងពិន័យជាប្រាក់ជិត ៣៣លានដុល្លារ ក្រោយរកឃើញថាបានប្រើល្បិចកលបោកបញ្ឆោតយកលុយ Apple អស់ជាង ១៨លានដុល្លារជាមួយនឹងគម្រោងចេញវិក្កយបត្រកិបកេងរហូតដល់ទៅ ២លើក។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNBC នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣។

អតីតបុគ្គលិក Apple ដែលកំពុងជាប់ទោសពីបទបោកបញ្ឆោតក្រុមហ៊ុននោះមានឈ្មោះថា Dhirendra Prasad ភេទប្រុស អាយុ ៥៥ឆ្នាំដែលមានទីកំណើតនៅ Mountain House រដ្ឋ Carlifornia និងបានចូលបម្រើការនៅ Apple ក្នុងឆ្នាំ២០០៨ រហូតដល់ ២០១៨ នឹងជាអ្នកទទួលបន្ទុកទិញយកឧបករណ៍សម្រាប់ផ្គត់ផ្គង់នៅក្នុងអង្គភាព Global Service Supply Chain។ Prasad បានសារភាពថា ខ្លួនពិតជាមានកំហុសក្នុងការសមគំនិតចេញនូវវិក្កយបត្រក្លែងបន្លំ Apple និងការសមគំនិតបន្លំសហរដ្ឋអាមេរិកផងដែរក្នុងឆ្នាំ២០២២។ បន្ទាប់ពីចេញដីការចាប់ខ្លួន Prasad បានសារភាពទោសកំហុសទៀតថា គម្រោងដែលខ្លួនបានចូលរួមសមគំនិតនេះបានចាប់ផ្តើមតាំងពីឆ្នាំ២០១១ មកម្លេះ គិតមកដល់ឆ្នាំ២០១៨ វាមានរយៈពេល ៨ឆ្នាំ ដែលជួយឱ្យខ្លួនរកចំណូលបានជាង ១៧លានដុល្លារ។

ទាក់ទិននឹងរឿងរ៉ាវនេះ Prasad បានរួមគំនិតជាមួយនឹងមនុស្សពីរនាក់ដែលជាម្ចាស់ក្រុមហ៊ុនផ្គត់ Apple ហើយបានឃុបឃិតគ្នាក្នុងការចេញវិក្កយបត្រពីរដងដល់ Apple ទាំងដែលជាក់ស្តែងក្នុងវិក្កយបត្រនោះសុទ្ធតែជាឧបករណ៍ដែល Apple មាន និងបានបញ្ជាទិញរួចមកហើយ។ ដោយក្នុងនោះ Prasad បានចេញ «វិក្កយបត្រក្លែងក្លាយ» ដែលអនុញ្ញាតឱ្យសហសេវិកម្នាក់ឈ្មោះ Don Baker កាត់ពន្ធពី Apple អស់ជាង ១.៨លានដុល្លារទៅការនាំចូលឥវ៉ាន់។

បន្ថែមពីលើការកាត់ទោសជាប់ពន្ធធនាគាររបស់អតីតបុគ្គលិក Apple រូបនេះ នឹងត្រូវបានរឹបអូសទ្រព្យសម្បត្តិចំនួន ៥.៥លានដុល្លារ ហើយមានបង់ការវិនិច្ឆ័យជាប្រាក់ចំនួន ៨.១លានដុល្លារ និងសងប្រាក់វិញចំនួន ១៧.៤លានដុល្លារទៅឱ្យ Apple វិញ និង ១.៩លានដុល្លារទៅ IRS៕