(បរទេស)៖ នាយកប្រតិបត្តិក្រុមហ៊ុន Twitter Inc លោក Elon Musk បាននិយាយនៅព្រឹកថ្ងៃសៅរិ៍នេះថា សម្រាប់អ្នកប្រើប្រាស់ដែលបានជាវមាតិកា (Subscription Content) នៅលើ Twitter បន្ទាប់ពីប្រើប្រាស់បានរយៈពេល ១ឆ្នាំនឹងទទួលបានការបញ្ចុះតម្លៃខ្ទង់ ១០ភាគរយជាមួយនឹងមុខងារពិសេសៗមួយចំនួន ប៉ុន្តែសម្រាប់ឆ្នាំដំបូងនេះនឹងត្រូវគិតពេញថ្លៃ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣។

តាមការបញ្ជាក់ពី Musk កាលពីដើមខែមេសានេះបានឱ្យដឹងថា ចំពោះអតិថិជនដែលជាវសេវាកម្ម Twitter នឹងទទួលបានការតាមដានសុវត្ថិភាពគណនី រួមជាមួយនឹងអាចសរសេរអត្ថបទ ឬ Text បានវែងជាងមុន និងអាចបង្ហោះវីដេអូបានយូរជាងមុនរយៈពេលរាប់ម៉ោងឯណោះ។

យោងតាមរបាយការណ៍ចេញផ្សាយថ្មីនេះ Musk បាននិយាយថា អ្នកប្រើប្រាស់ដែលបានជាវបន្ទាប់ពីរយៈពេល ១២ខែនេះទៅ នឹងមានការបញ្ចុះថ្លៃដែលវាអាចដល់ទៅ ១៥ភាគរយ ចំពោះអ្នកប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ iOS និង Android អាចនឹងបញ្ចុះពី ៣០ភាគរយបច្ចុប្បន្ន មកនៅត្រឹម ១៥ភាគរយ ។ ប៉ុន្តែចំនួននេះសម្រាប់តែឆ្នាំទី២ ប៉ុណ្ណោះ ដោយឡែកក្នុងឆ្នាំទី១ នេះ Musk បញ្ជាក់ថា ជាពេលវេលាដែលក្រុមហ៊ុនកំពុងស្រង់ដើមមកវិញបន្ទាប់ពីការខាតបង់ខ្ទង់ពាន់ដុល្លារក្នុងមួយថ្ងៃចាប់តាំងពីការទិញយក Twitter ក្នុងតម្លៃ ៤៤ពាន់លានដុល្លារ៕