(ភ្នំពេញ)៖​ ពិតជាមិនធម្មតាមែនត្រឹមរយៈពេល២សប្ដាហ៍ប៉ុណ្ណោះ បទ«ស្រឡាញ់អ្វីដែលខ្មែរមាន CAMBODIAN PRIDE » របស់ផលិតកម្ម Galaxy Navatra មានអ្នកចូលទស្សនារហូតដល់ ៦១លានដងឯណោះ នៅលើYoutube ផ្លូវការ Galaxy Navatra មានឈ្មោះថា Cam-Pop Galaxy Navatra ដែលចំនួននេះសឹតែអាចនិយាយបានថា សម្រាប់បទចម្រៀងនៅប្រទេសកម្ពុជា មិនធ្លាប់មានឡើយកន្លងមក។

លើទំព័រហ្វេសប៊ុកផលិតកម្ម Galaxyបានបង្ហោះពីដំណឹង ដ៏រីករាយប្រកបដោយមោទនភាពមួយនេះផងដែរ​ បន្ទាប់ពីបទចម្រៀងរបស់ខ្លួនមានអ្នកចូលទស្សនារហូតដល់ទៅ៦១លានដងនេះផងដែរ។

ដើម្បីបុព្វហេតុជាតិមាតុភូមិ សម្រាប់ការប្រកួតកីឡាស៊ីហ្គេម ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ផលិតកម្ម Galaxy Navatra បានរៀបចំផលិតឡើងយ៉ាងយកចិត្តទុកដាក់បំផុត ក្រោមការចុះដឹកនាំផ្ទាល់ពីសំណាក់ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ។​ «ស្រឡាញ់អ្វីដែលខ្មែរមាន CAMBODIAN PRIDE» បានធ្វើការផ្សព្វផ្សាយតំបន់ទេសចរណ៍ ការអភិវឌ្ឍន៍ និងភាពរីកចម្រើនរបស់កម្ពុជា ក៏ដូចជាការថែរក្សាសិល្បៈវប្បធម៌ បេតិកភណ្ឌជាតិ ក្រោមការដឹកនាំ ប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោនាយករដ្ឋមន្រ្តី។

កំពូលតារាទាំង៤ដួង ត្រូវបានជ្រើសរើសឲ្យច្រៀងបទចម្រៀងនេះ រួមមានកំពូលតារាចម្រៀង ឧកញ៉ា ព្រាប សុវត្ថិ កំពូលតារាចម្រៀង ឧកញ៉ា ខេមរៈ សិរីមន្ត កំពូលតារាចម្រៀង លោក ខេម និងកំពូលតារាចម្រៀងស្រីកញ្ញា តន់ ចន្ទសីម៉ា។ បទចម្រៀងមួយបទនេះ និពន្ធដោយអ្នកនិពន្ធល្បីៗ មានដូចជា លោក សុខ ជំនោរ លោក ខាំ ភូរិ លោក ហ៊ឹម នភា ឧកញ៉ា យឹម តាស្រង់​ និងលោក​ ខេមរៈ ភារុណ។

ជាមួយនឹងស្នាដៃធំអស្ចារ្យមួយនេះ មហាជនក៏ដូចជាថ្នាក់ដឹកនាំគ្រប់ស្ថាប័នក្រសួង មានការកោតសរសើរជាខ្លាំង ហើយថ្មីៗនេះ លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក៏បានចេញលិខិតមួយ ជូនអ្នកឧកញ៉ាឡេង ណាវ៉ាត្រា ដោយខ្លឹមសារនៃលិខិតនោះបានកោតសរសើរផលិតកម្មGalaxy Navatra ជាខ្លាំង ជុំវិញការផលិតបទ«ស្រឡាញ់អ្វីដែលខ្មែរមាន ឬ CAMBODIAN PRIDE» ៕