(ភ្នំពេញ)៖ បន្ទាប់ពីការផលិតវីដេអូចម្រៀង ដ៏ល្អឥតខ្ចោះរកកន្លែងទាស់គ្មាន និងទទួលបានការសាទរគាំទ្រពីមហាជនខ្មែរយ៉ាងច្រើន ចំពោះបទចម្រៀង «ស្រឡាញ់អ្វីដែលខ្មែរមាន» ដែលផលិតដោយផលិតកម្មល្បី Galaxy Navatra នៅពេលនេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានសម្តែងការកោតសរសើរដោយស្មោះអស់ពីដូងចិត្ត ចំពោះការផលិតបទចម្រៀងនេះឡើង ព្រោះបទនេះបានបង្ហាញពីសិល្បៈវប្បធម៌ ប្រពៃណី និងការអភិវឌ្ឍន៍នៅកម្ពុជា និងញ៊ាំងបរិយាកាសព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ក្នុងនាមកម្ពុជាជាម្ចាស់ផ្ទះ ឲ្យកាន់តែមានភាពអធិកអធម។

បើតាមលិខិតដែលក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ជូនចំពោះអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា អគ្គនាយកផលិតកម្ម ហ្គាឡាក់ស៉ី ណាវ៉ាត្រា មានខ្លឹមសារថា «ក្នុងនាមក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ខ្ញុំសូមថ្លែងអំណរគុណ និងកោតសរសើរដោយ ស្មោះអស់ពីដួងចិត្ត ជូនចំពោះ អ្នកឧកញ៉ាអគ្គនាយកផលិតកម្ម ហ្គាឡាក់ស៊ី ណាវ៉ាត្រា ព្រមទាំងអ្នកនិពន្ធ សិល្បករ សិល្បការិនី និងក្រុមការងារទាំងអស់ ដែលបានចូលរួមផលិតបទចម្រៀង «ស្រឡាញ់អ្វីដែលខ្មែរមាន», (Cambodian Pride) ស្របតាមអនុសាសន៍ និងការអំពាវនាវដ៏ខ្ពង់ខ្ពស់របស់ សម្ដេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសទិវាវប្បធម៌ជាតិ៣មីនា ឆ្នាំ២០២៣ ដើម្បីអបអរសាទរ និងញ៊ាំងបរិយាកាសព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ក្នុងនាមកម្ពុជាជាម្ចាស់ផ្ទះ ឲ្យកាន់តែមានភាពអធិកអធម»

ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បន្តថា «ការផលិតបទចម្រៀង ស្រឡាញ់អ្វីដែលខ្មែរមាន (Cambodian Pride) ដែលបង្កប់នូវ សិល្បៈវប្បធម៌ ប្រពៃណី និងការអភិវឌ្ឍសង្គមកម្ពុជា គឺជាការរួមចំណែកដ៏សំខាន់របស់វិស័យឯកជន ក្នុងការផ្សព្វផ្សាយពីកត្តាសុខសន្តិភាព ស្ថេរភាពសង្គម និងបានលើកកម្ពស់កិត្យានុភាពជាតិលើឆាកអន្តរជាតិ ជាពិសេសបានរួមចំណែកធ្វើឲ្យព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ កាន់តែកក្រើក និងអធិកអធម ដើម្បីបន្សល់ទុកអនុស្សាវរីយ៍ចងចាំព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រ នេះដល់កូនខ្មែរគ្រប់ជំនាន់...»

ជាមួយគ្នានេះ ផលិតកម្ម Galaxy Navatra ដែលមាន អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ជាអគ្គនាយក ក៏បានថ្លែងអំណរគុណភ្លាមៗ ដោយសរសេរលើបណ្តាញសង្គមផ្លូវការរបស់ផលិតកម្មថា « ថ្នាក់ដឹកនាំ បុគ្គលិក និងក្រុមការងារផលិតកម្ម Galaxy Navatra ទាំងអស់គ្នាពិតជាមានមោទកភាព និងសេចក្ដីសោមនស្សរីករាយយ៉ាងក្រៃលែង ដែលបានទទួលលិខិតកោតសរសើរពី ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្នុងការផលិតបទចម្រៀង ស្រឡាញ់អ្វីដែលខ្មែរមាន សម្រាប់អបអរសាទរព្រឹត្តការណ៍កីឡាស៊ីហ្គេមលើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ »

ផលិតកម្ម Galaxy Navatra បន្តថា «ឆ្លៀតក្នុងឱកាសនេះ សូមគោរពអរគុណសម្ដេចតេជោនាយករដ្ឋមន្រ្តី និងសម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និងថ្នាក់ដឹកនាំក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ដែលបានគាំទ្រ និងជួយសម្រួលដល់កិច្ចការងារនេះអាចប្រព្រឹត្តទៅបាន។ សូមអរគុណសន្តិភាព ដែលបានផ្ដល់ឱកាសឲ្យយើងខ្ញុំបានបង្កើតនូវសមិទ្ធផលដ៏អស្ចារ្យមួយនេះ និងសូមអរគុណទៅដល់ក្រុមការងារគ្រប់ផ្នែក ដែលបានសហការគ្នា យ៉ាងសស្រាក់សស្រាំ និងយកចិត្តទុកដាក់បំផុត ទើបបង្កើតបានសមិទ្ធផលដ៏អស្ចារ្យមួយនេះបាន។ សមិទ្ធផលនេះគឺជាការសាមគ្គីរួបរួមដ៏ធំមួយ ដែលមានការចូលរួមគ្រប់គ្រងការផលិតដោយអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា»