(ភ្នំពេញ)៖ លោក ដាន់ រ៉ាន់ គ្រូបង្វឹកក្លិបកីឡាវាយកូនបាល់ខេត្តសៀមរាប បានចាត់ទុកកម្មវិធីបោះជំរុំហ្វឹកហាត់របស់ក្រុមជម្រើសជាតិវាយកូនបាល់កម្ពុជា នៅទឹកដីខេត្តសៀមរាប សម្រាប់ត្រៀមការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នាពេលដ៏ខ្លីខាងមុខ គឺជាគំរូដ៏ល្អ ដែលជួយឲ្យយុវជនក្នុងខេត្តអនុវត្តតាម ដើម្បីបោះជំហ៊ានក្លាយជាកីឡាករកីឡាការិនីអាជីពនាពេលអនាគត។

ការលើកឡើងនេះ បន្ទាប់ពីក្រុមជម្រើសជាតិវាយកូនបាល់កម្ពុជា បានបោះជំរំហ្វឹកហាត់ ៤ថ្ងៃ នៅទីលាន Raffles Grand Angkor Hotel នាក្រុងសៀមរាប ក្រោមការរៀបចំ និងដឹកនាំផ្ទាល់ដោយលោក ទេព រិទ្ធីវិទ្ធ អគ្គលេខាធិការសហព័ន្ធកីឡាវាយកូនបាល់កម្ពុជា ដើម្បីសម្រួចសមត្ថភាព បច្ចេកទេស និងបង្កើននូវការយល់ចិត្តគ្នា ត្រៀមប្រកួតប្រជែងមេដាយជូនជាតិ ក្នុងព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រលើកដំបូងនៅកម្ពុជា។

គ្រូបង្វឹកខាងលើបន្ដថា ក្លិបកីឡាវាយកូនបាល់ខេត្តសៀមរាប បានបង្កើតឡើងជាង ១០ឆ្នាំមកហើយ ខណៈនេះជាលើកដំបូង ដែលសហព័ន្ធបានដឹកនាំក្រុមជម្រើសជាតិ ធ្វើការបោះជំរំហ្វឹកហាត់ត្រៀមស៊ីហ្គេមនៅទីនេះ។ លោកថា វត្តមានរបស់ក្រុមជម្រើសជាតិនេះ ពិតជាធ្វើឲ្យកីឡាករ-កីឡាការិនីរបស់ក្លិប មានការភ្ញាក់ផ្អើលមែនទែន ដោយពួកគាត់ម្នាក់ៗបានបង្ហាញនូវការស្រលាញ់ និងពេញចិត្ត ចំពោះទេពកោសល្យ និងបច្ចេកក្រុមជម្រើសជាតិ ហើយបានយកក្រុមជម្រើសជាតិជានិមត្តរូបនៅក្នុងចិត្ត ដើម្បីលើកទឹកខ្លួនឯងក្នុងការហ្វឹកហាត់ ដើម្បីអភិវឌ្ឍខ្លួនឲ្យក្លាយជាកីឡាករ-កីឡាការិនីវាយកូនបាល់អាជីពនៅពេលថ្ងៃអនាគតទៀតផង។

សូមបញ្ជាក់ថា កម្មវិធីបោះជំរុំហ្វឹកហាត់ នៅខេត្តសៀមរាបខាងលើ មានរយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី២៦-២៩ ខែមេសានេះ ដើម្បីត្រៀមការប្រកួតរបស់ខ្លួន ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ នៅកម្ពុជា ដែលវិញ្ញាសាកីឡាវាយកូនបាល់ គ្រោងនឹងធ្វើការប្រកួតពីថ្ងៃទី១០-១៤ ខែឧសភាខាងមុខ ពោលគឺចាប់ផ្ដើមការប្រកួត បន្ទាប់ពីពិធីបើកការប្រកួតផ្លូវការ ៥ថ្ងៃ៕