(ភ្នំពេញ)៖ អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ប្រធានកិត្តិយសនៃសហព័ន្ធកីឡាល្បុក្កតោកម្ពុជា បានលើកឡើងថា ទឹកចិត្តដ៏ធំធេងរបស់កម្ពុជា ដែលមិនយកថ្លៃផ្សាយពីស៉ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម រួមទាំងមិនយកថ្លៃស្នាក់នៅ និងហូបចុកប្រតិភូ និងកីឡាករមកចូលរួមព្រឹត្តិការណ៍នេះ រឹតតែធ្វើឲ្យកម្ពុជាកាន់តែល្បីល្បាញលើឆាកអន្តរជាតិ។

ថ្លែងប្រាប់បណ្តាញ Fresh News នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣ លោក គួច ម៉េងលី បានគូសរំលេចថា រាជរដ្ឋាភិបាលកំពុងតែប្រឹងធ្វើយ៉ាងម៉េច ដើម្បីឲ្យមនុស្សមកខ្មែរឲ្យច្រើន ដើម្បីស្គាល់ស្រុកខ្មែរ។ ការធ្វើបែបនេះ នឹងជួយបានជាច្រើនដូចជា ទី១៖ ឲ្យគេឃើញពីប្រទេសយើងអភិវឌ្ឍន៍ ទី២៖ ប្រទេសយើងជឿនលឿនមានសេដ្ឋកិច្ចល្អ សន្តិភាព សុខសុវត្ថិភាព និងទី៣៖ រាជរដ្ឋាភិបាលទូលំទូលាយជាមួយប្រជាពលរដ្ឋ នៅក្នុងប្រទេស និងក្រៅប្រទេស ដោយបើកចំហរ ព្រមទាំងមានសីលធម៌ ក្នុងការគោរពរាប់អានគ្នាទៅវិញទៅមកសម្រាប់អ្នកប្រកួតប្រជែងទាំងអស់ ដែលនេះចង់បង្ហាញគេ សុទ្ធតែជាចំណុចល្អៗរបស់ប្រទេសយើង របស់រាជរដ្ឋាភិបាលយើង ដែលដាក់ចេញមក។

លោកបានបញ្ជាក់យ៉ាងដូច្នេះថា «ចំពោះខ្ញុំ ខ្ញុំយល់ឃើញថា វាចំណេញលើឆាកពិភពលោក ជាពិសេសនៅក្នុងតំបន់អាស៊ានយើងតែម្តង។ យើងចង់បង្ហាញគេថា ខ្មែរយើងទូលំទូលាយ ខ្មែរយើងទទួលរាក់ទាក់គេគ្រប់ប្រទេស។ ជាង ៦០ឆ្នាំហើយ យើងទើបតែបានធ្វើម្ចាស់ផ្ទះ អញ្ចឹងយើងចង់បង្ហាញមុខមាត់យើងដោយសេចក្តីថ្លៃថ្នូរ។ យើងជាប្រទេសមួយក្នុងអាស៊ានដែលតែងតែចិត្តល្អ តែងតែទូលំទូលាយ តែងតែយោគយល់លើកលែង ជាពិសេសជាមួយប្រទេសមិត្តភ័ក្តិយើង»

លោក គួច ម៉េងលី បានបន្ថែមថា អំឡុងពេលស៉ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម យើងនឹងចំណេញទឹកចិត្ត ចំណេញទំនាក់ទំនងជាមួយប្រទេសនានា និងចំណេញកេរ្តិ៍ឈ្មោះ។ កន្លងមករាជរដ្ឋាភិបាលយើង ប្រឹងប្រឹងកសាងឈ្មោះលើឆាកអន្តរជាតិ ជាក់ស្តែងយើងតែងតែផ្តល់ជំនួយដល់ប្រទេសដែលរងគ្រោះ ដោយគ្រោះធម្មជាតិ និងបានបញ្ជូនកងទ័ពមួកខៀវ ទៅបំពេញបេសកកម្មការពារសន្តិភាព ក្រោមឆត្រអង្គការសហប្រជាជាតិផងដែរ។

សូមជម្រាបថា បើតាមសម្តេចពិជ័យសេនា ទៀ បាញ់ ប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៉ីហ្គេម លើកទី៣២ (CAMSOC) បានថ្លែងឲ្យដឹងថា កម្ពុជាគ្រោងចំណាយ ១១៨លានដុល្លារ សម្រាប់ការរៀបចំស៉ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម។ ការចំណាយនេះ មិនទាន់គិតដល់ការរៀបចំហេដ្ឋារចនាសម្ព័ន្ធឡើយ។

ក្នុងសន្និសីទសារព័ត៌មាន ស្តីពីព្រឹត្តិការណ៍ស៉ីហ្គេម នៅពហុកីឡដ្ឋានជាតិមរតកតេជោនារសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣ សម្តេចពិជ័យសេនា ទៀ បាញ់ បានឲ្យដឹងបន្ថែមថា ថ្មីៗនេះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេចមិនឲ្យមានការយកថវិកាម្នាក់ ៥០ដុល្លារសម្រាប់ថ្លៃស្នាក់នៅ និងអាហារ ពីគណៈប្រតិភូ និងអត្តពលិកដែលមកចូលរួមព្រឹត្តិការណ៍ស៉ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ធ្វើឲ្យកម្ពុជាបង្កើនខ្ទង់ចំណាយ ៧លានដុល្លារ។ កម្ពុជាក៏មិនតម្រូវឲ្យយកថ្លៃសំបុត្រចូលទស្សនាកីឡា ក្នុងព្រឹត្តិការណ៍ស៉ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមផងដែរ។

តាមការបញ្ជាក់របស់សម្តេចតេជោ ហ៊ុន សែន ការមិនយកថ្លៃចំណាយដោយកម្ពុជា អាចជាគំនិតផ្តួចផ្តើម ពេលកម្ពុជាទៅចូលរួមព្រឹត្តិការណ៍ស៉ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម នៅប្រទេសគេវិញ គេអាចមិនយកពីកម្ពុជាដូចគ្នា។

សូមជម្រាបថា SEA Games ចាប់ផ្តើមពីថ្ងៃទី០៥-១៧ ខែឧសភា ឆ្នាំ២០២៣ និង ASEAN Para Games ចាប់ផ្តើមពីថ្ងៃទី០៣-០៩ ខែមិថុនា ឆ្នាំ២០២៣៕