(បរទេស)៖ មិត្តស្រីរបស់ Cristiano Ronaldo គឺតារាម៉ូដែល Georgina Rodriguez បានឆ្លើយតបនឹងរបាយការណ៍ដែលថា នាងកំពុងរកាំរកូស ឬរៀបនឹងបែកគ្នាជាមួយកីឡាករព័រទុយហ្គាល់ Cristiano Ronaldo តាមរយៈការបង្ហោះសារចាក់ដោតមួយឃ្លាលើបណ្តាញសង្គម Instagram។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Daily Post។

Georgina Rodriguez និង Cristiano Ronaldo បានរួមរស់ជាមួយគ្នាតាំងពី ឆ្នាំ២០១៦។ Ronaldo បានទាក់ទងនឹង Rodriguez អស់រយៈពេល៧ឆ្នាំ ហើយចាប់តាំងពីបានជួបនាងកាលពីឆ្នាំ២០១៦ ក្នុងប្រទេសអេស្ប៉ាញ។ ពួកគេមានកូនចំនួន៥នាក់ក្នុងបន្ទុក ហើយជាពិសេសអ្នកគាំទ្រទូទាំងពិភពលោក តែងឃើញគូស្នេហ៍មួយគូនេះ ចែករំលែកទិដ្ឋភាពជីវិតដ៏ប្រណិតរបស់ពួកគេ នៅលើ បណ្ដាញ សង្គមមិនដែលអាក់ខាននោះទេ។

តែយ៉ាណានាពេលថ្មីៗនេះស្រាប់តែមានដំណឹងថា ទំនាក់ទំនងរបស់គូស្នេហ៍ល្បីទាំងពីរនេះកំពុងមានភាពរកាំរកូស និងអាចឈានដល់ផ្លូវបំបែកក៏ថាបាន។ ក្រោយដំណឹងនេះ លេចឡើងពេញបណ្តាញសង្គម តារាម៉ូដែល Rodriguez មិនបង្អង់យូរឡើយ ក៏បានវាយបកទៅកាន់អ្នកដែលព្យាយាមផ្សព្វផ្សាយរបាយការណ៍អំពីនាងដោយសរសេរក្នុង Instagram យ៉ាងខ្លីថា «ការច្រណែនបង្កើតពាក្យចចាមអារ៉ាម។ អ្នកនិយាយដើមគេ ហើយផ្សាយ»

ត្បិតថា Rodriguez មិនបានចេញមុខ ទម្លាយការពិតថានាងបែកគ្នាដូចពាក្យចចាមអារ៉ាម ក្ដីប៉ុន្តែតាមរយៈសំណេរដែលនាង បង្ហាញហាក់ដូចជា ការឆ្លើយតបទៅកាន់របាយការណ៍ថ្មីៗអំពីការបែកគ្នាជាមួយ Ronaldo ប៉ុន្តែនាងមិនទាន់បានបដិសេធ ដោយផ្ទាល់នូវការអះអាងទាំងនោះនៅទេ ខណៈ Ronaldo ក៏មិនបានបើកចំហលើបញ្ហានេះ ដែរ៕