(ភ្នំពេញ)៖ ក្រុមបាល់ទាត់ជម្រើសជាតិយុវជនអាយុក្រោម ២២ឆ្នាំកម្ពុជា (Under 22) បានស៊ុតបញ្ចូលទីក្រុម U22 ទីម័រខាងកើត រហូតដល់ទៅ ១០គ្រាប់ពីប្រវត្តិជួបគ្នា ៣លើកនាពេលកន្លងមក មុនប៉ះគ្នាជាថ្មីក្នុងប្រកួតសន្សំពិន្ទុប្រចាំពូល A នៅ SEA Games 2023 នារាត្រីថ្ងៃសៅរ៍នេះ។

ដោយផ្អែកទៅលើគេហទំព័រកីឡា AI Score បានឲ្យដឹងថា U22 កម្ពុជាបានជួប U22 ទីម័រខាងកើត (Timor Leste) ដំបូងបំផុតក្នុងឆ្នាំ២០១៧ ជាមួយនឹងលទ្ធផលចាញ់ត្រឹមតែ ១ទល់នឹង០ ប៉ុណ្ណោះមុនពេលឈ្នះ ២ប្រកួតវិញក្នុងលទ្ធផល ៥-០ ដូចគ្នានៅ ២ឆ្នាំបន្ទាប់ ដោយពុំបានបញ្ជាក់ពីព្រឹត្តិការណ៍នោះទេ។

តួយ៉ាងក្រុមទាំងពីរត្រូវប្រឈមដាក់គ្នាជាថ្មីទៀតនាម៉ោង ៧យប់នេះថ្ងៃសៅរ៍ ទី២៩ ខែមេសា ឆ្នាំ២០២៣ នេះ ក្នុងព្រឹត្តិការណ៍កីឡាចម្រុះប្រចាំតំបន់អាស៊ីអាគ្នេយ៍ ដែលមានកម្ពុជាធ្វើម្ចាស់ផ្ទះលើកដំបូង ក្នុងពហុកីឡដ្ឋានអូឡាំពិក (National Stadium) ក្រោយពេលគូ U22 ឥណ្ឌនេស៊ី ប៉ះ U22 ហ្វីលីពីនប្រកួតគ្នានៅទីតាំងដដែលនាម៉ោង ៤រសៀលដែលជាប្រភេទកីឡាទី៣ ចាប់ផ្តើមប្រកួតមុនគេនៅ SEA Games លើកទី៣២ នេះ បន្ទាប់កីឡាគ្រីឃីត និងអុកចត្រង្គចាប់ផ្តើមប្រកួតនៅព្រឹកថ្ងៃសៅរ៍។

U22 របស់ម្ចាស់ផ្ទះកម្ពុជា ត្រូវប្រជែងទីម័រខាងកើត ឥណ្ឌូនេស៊ី ហ្វីលីពីន និងមីយ៉ាន់ម៉ា ក្នុងការប្រជែងកៅអីឡើងទៅវគ្គពាក់កណ្តាល ដែលជ្រើសរើសតែក្រុមលេខ១ និងលេខ២ តែប៉ុណ្ណោះ ក្នុងការឆ្ពោះទៅប្រជែងមេដាយនៅក្នុងវគ្គបន្តបន្ទាប់៕