(បរទេស)៖ របាយការណ៍ពី Canalys ថ្មីៗនេះបង្ហាញថា ទីផ្សារស្មាតហ្វូនសកលនៅតែបន្តធ្លាក់ចុះក្នុងត្រីមាសទី១ ឆ្នាំ២០២៣ បើទោះបីជាសេដ្ឋកិច្ចហាក់ប្រសើរឡើងវិញក៏ដោយ ខណៈការដាក់លក់ស្មាតហ្វូនដើមឆ្នាំនេះសរុបបានត្រឹមតែ ២៦៩.៨លានគ្រឿងប៉ុណ្ណោះ។ ពោលគឺ តួរលេខនេះទាបជាងរយៈពេលដូចគ្នាប្រហែល ១៣ភាគរយបើធៀបនឹងឆ្នាំ២០២២។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSMArena នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣។

តាមរយៈតារាងទីផ្សារស្មាតហ្វូនសកលសម្រាប់ខែមករា ដល់ខែមីនា ឃើញថាក្រុមហ៊ុនផលិតស្មាហ្វូនកូរ៉េ Samsung ឈរលេខរៀងកំពូលដែលកាន់ការប់ចំណែកទីផ្សារ ២២ភាគរយជាមួយនឹងចំនួនលក់សរុប ៦០.៣លានគ្រឿង ដែលភាគច្រើនបានមកពីត្រកូល Galaxy S និង Galaxy A ជាប្រភេទស្មាតហ្វូនតម្លៃមធ្យម។ Apple ឈរនៅលេខរៀងបន្ទាប់ក្រោយស្មាតហ្វូនស៊េរីចុងក្រោយរបស់ខ្លួន iPhone 14 Pro ជួបបញ្ហាបច្ចេកទេសច្រើន ខណៈចំណែកទីផ្សារ Apple សរុបនៅដើមឆ្នាំនេះទទួលបាន ២១ភាគរយ ជាមួយនឹងចំនួននាំចេញ ៥៨លានគ្រឿង។

Xiaomi ដែលជាក្រុមហ៊ុនផលិតស្មាតហ្វូនចិននៅដើមឆ្នាំនេះដណ្តើមបានដំណែងលេខ ៣ ជាមួយនឹងចំនួនដាក់លក់ស្មាតហ្វូនសរុបដែលមានតម្លៃមធ្យមប្រហែល ៣០.៥លានគ្រឿង ជាមួយនឹងការកាន់កាប់ចំណែកទីផ្សារ ១១ភាគរយ ប៉ុន្តែក៏ធ្លាក់ចុះខ្លាំងដែលបើធៀបនឹងឆ្នាំមុន។ ដោយឡែកសម្រាប់ក្រុមហ៊ុនដែលតាមតែប្រដេញគ្នាស្ទើតែគ្រប់ត្រីមាសគឺ Oppo និង Vivo វិញគឺឈរនៅលេខរៀងទី ៤ និងទី ៥រៀងគ្នាជាមួយចំណែកទីផ្សារ ១០ភាគរយ និង ៨ភាគរយ ខណៈដែលចំនួននាំចេញមានប្រហែល ២៦.៦លានគ្រឿង និង ២០.៩លានគ្រឿង។

គួរជម្រាបដែរថា លទ្ធផលធ្លាក់ចុះក្នុងត្រីមាសទី១ កន្លងទៅនេះ បើតាមការបញ្ជាក់ពី Canalys គឺដោយសារតែតម្រូវការអ្នកប្រើប្រាស់នៅមានកម្រិត និងមិនទាន់អាចមានការចំណាយទូលំទូលាយឡើងវិញនៅឡើយទេ បើធៀបរយៈពេលមុនជំងឺរាតត្បាតមកដល់ រួមទាំងនៅមានកត្តាផ្សេងៗទៀត៕