(ភ្នំពេញ)៖ ប្រភេទកីឡាមួយចំនួន នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ នៅកម្ពុជា បានចាប់ផ្ដើមការប្រកួតរបស់ខ្លួនជាបណ្ដើរៗ ចាប់ពីថ្ងៃទី២៩ ខែមេសានេះតទៅហើយ មុនឈានដល់ពិធីបើកការប្រកួតជាផ្លូវការ នាថ្ងៃទី០៥ ខែឧសភាខាងមុខ ខណៈកីឡាគ្រីឃីត(Cricket) បានចាប់ផ្ដើមការប្រកួតមុនគេ ក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រលើកដំបូងនៅកម្ពុជានេះ ។

ពិធីបើកការប្រកួតកីឡាគ្រីឃីត បានធ្វើឡើងនៅទីលាន AZ Group ផ្លូវ ៦០ម៉ែត្រ កាលពីព្រឹកមិញ ក្រោមវត្តមានលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ (CAMSOC-CAMAPGOC) ដោយក្រុមជម្រើសជាតិកម្ពុជា បានជួបក្រុមជម្រើសជាតិឥណ្ឌូនេស៊ីមុនគេ លើវិញ្ញាសា 50 Overs ។

សម្រាប់វិញ្ញាសាប្រកួតក្នុងប្រភេទកីឡាគ្រីឃីតនេះ មានចំនួន ៦វិញ្ញាសា រួមមានវិញ្ញាសាបុរស-នារី 50 Overs, បុរស-នារី T10, បុរស-នារី T20i និងវិញ្ញាសាបុរស-នារី 6s ។ តាមការគ្រោងទុក សម្រាប់ប្រភេទកីឡាគ្រីឃីតនេះ នឹងបញ្ចប់ការប្រកួតគ្រប់វិញ្ញាសារបស់ខ្លួន នាថ្ងៃទី១៦ ខែមេសាខាងមុខ ពោលគឺមុនពិធីបិទការប្រកួត ១ថ្ងៃ ។

ក្រៅពីកីឡាគ្រីឃីត ថ្ងៃនេះ ក៏មានកីឡាមួយចំនួន នឹងចាប់ផ្ដើមការប្រកួតជាបន្ដបន្ទាប់ដែរ ដូចជាកីឡាអុកចត្រង្គ និងកីឡាបាល់ទាត់ផ្នែកបុរសអាយុក្រោម ២២ឆ្នាំជាដើម ។ កីឡាស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជានេះ បានកំណត់កីឡាចំនួន ៣៧ប្រភេទ សម្រាប់ធ្វើការប្រកួតប្រជែង ដែលពិធីបើកផ្លូវការ នឹងប្រារព្ធធ្វើឡើង នាថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ ខាងមុខ ៕