(ភ្នំពេញ)៖ Empower Cambodia (អ៊េមផៅវ័រខេមបូឌា) ជាសហគ្រាសសង្គមឈានមុខគេត្រួសត្រាយផ្លូវដោយ អង្គការសកម្មភាពដើម្បីសុខភាព និងកាត់បន្ថយភាពក្រីក្រ (Health Poverty Action) ដែលជាអង្គការមានគោលដៅនាំយកដំណោះស្រាយប្រកបដោយនិរន្តរភាព និងមានប្រសិទ្ធភាព ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនរស់នៅតំបន់ដាច់ស្រយាលក្នុងប្រទេសកម្ពុជា។

គម្រោងមួយដ៏សំខាន់ដែលនឹងធ្វើឲ្យមានការផ្លាស់ប្តូរ ក្នុងចំណោមគម្រោងជាច្រើនផ្សេងទៀត នោះគឺគម្រោងដំឡើងស្ថានីយ៍ថាមពលពន្លឺព្រះអាទិត្យ (ថាមពលសូឡា) នៅតាមភូមិដាច់ស្រយាលដែលនៅជាប់ព្រំដែនកម្ពុជា-ឡាវ។

ភូមិទាំងនេះធ្លាប់រស់នៅជាមួយនឹងភាពងងឹតដោយប្រើប្រាស់ភ្លើងទៀន ឬចង្កៀងប្រេងដើម្បីបំភ្លឺនាពេលរាត្រី ក៏ដោយសារមិនមានបណ្តាញផ្គត់ផ្គង់ថាមពលអគ្គិសនីណាទៅដល់ទីនោះឡើយ។ ប្រភពថាមពលរបស់ពួកគេ បានមកពីការកាប់ព្រៃឈើសម្រាប់ចម្អិនម្ហូប និងប្រើប្រាស់ម៉ាស៊ីនម៉ាស៊ូត ដើម្បីបញ្ចូលអាគុយសម្រាប់តម្រូវការប្រើប្រាស់ភ្លើង តែទោះជាយ៉ាងណាក៏មិនទាន់គ្រប់គ្រាន់នៅឡើយ ។ ស្ថានភាពនេះមិនត្រឹមតែបង្កផលប៉ះពាល់ដល់បរិស្ថានប៉ុណ្ណោះទេ ថែមទាំងបង្កគ្រោះថ្នាក់ដល់សុខភាព និងសុវត្ថិភាពរបស់អ្នកភូមិផងដែរ។

Empower Cambodia (អ៊េមផៅវ័រខេមបូឌា)បានធ្វើការយ៉ាងយកចិត្តទុកដាក់ក្នុងការដំឡើងស្ថានីយ៍ថាមពលពន្លឺព្រះអាទិត្យ (ថាមពលសូឡា) សម្រាប់ការប្រើប្រាស់របស់ប្រជាពលរដ្ឋក្នុងភូមិ។ ក្រោយការដំឡើង និងដាក់ឱ្យប្រើប្រាស់ អ្នក​ភូមិ​គ្រាន់តែបង់ថ្លៃ​អគ្គិសនី​ទៅតាម​ការ​ប្រើប្រាស់ជាក់ស្តែង​របស់​ពួក​គេ ដោយតម្លៃ​គិតទៅតាម​អត្រា​ស្តង់ដារ​ដូចនឹង​អគ្គិសនីកម្ពុជា បានកំណត់។

នៅពេលដែលការទូទាត់របស់ពួកគេគ្រប់លើថ្លៃដើមនៃការសាងសង់ ស្ថានីយ៍ទាំងមូលនឹងត្រូវផ្ទេរទៅឱ្យអ្នកភូមិជាស្ថាពរ។ គម្រោងនេះជាគំរូដែលប្រកបដោយប្រសិទ្ធភាព ក្នុងការកាត់បន្ថយការចំណាយឲ្យនៅក្នុងកម្រិតទាបបំផុត រួមទាំងបានផ្តល់នូវនិរន្តរភាពក្នុងការលើកកម្ពស់ថាមពលស្អាត និងការកាត់បន្ថយភាពក្រីក្រ។

អត្ថប្រយោជន៍នៃគម្រោងនេះ គឺមិនអាចរាប់អស់នោះឡើយ ព្រោះថាថាមពលពន្លឺព្រះអាទិត្យ (ថាមពលសូឡា)​ ផ្តល់សុវត្ថិភាពដល់អ្នកភូមិ ជាពិសេសសម្រាប់ស្ត្រី និងកុមារមានសុវត្ថិភាពជាងមុនសម្រាប់ការប្រកបការងារ ឬធ្វើដំណើរ។

កាន់តែពិសេសកុមារក្នុងភូមិអាចសិក្សាបន្ថែម ឬបំពេញកិច្ចការងារផ្ទះនៅពេលយប់ដោយគ្មានផលវិបាកដូចមុន។​​ ស្របពេលក្នុងសម័យបច្ចេកវិទ្យា ដែលក្នុងក្រុមគ្រួសារនិមួយៗមានទៅដោយ សម្ភារៈត្រូវការថាមពលអគ្គិសនីជាប្រចាំជាក់ស្តែង ទូរស័ព្ទដៃ អ្នកភូមិអស់បារម្ភចំពោះកង្វះថាមពលសម្រាប់បញ្ចូលថ្មទូរស័ព្ទ ដែលផ្តល់ឲ្យពួកគាត់នូវឱកាសរក្សាទំនាក់ទំនងក្នុងសម័យទំនើបនេះ។ ម្យ៉ាងការប្រើប្រាស់ប្រេងម៉ាស៊ូត ត្រូវបានកាត់បន្ថយក្នុងទំហំធំ ដែលរួមចំណែកកាត់បន្ថយការបំពុលបរិយាកាស និងការពារបរិស្ថានជុំវិញបានទៀតផងដែរ។

ទឹកប្រើប្រាស់គ្រប់គ្រាន់ បានពីម៉ាស៊ីនបូមទឹកប្រើសូឡាសម្រេចបានការងារជាច្រើនបន្ថែម ហើយកាន់តែងាយស្រួលបាយដាំដោយប្រើប្រាស់ថាមពលសូឡា ម៉ាស៊ីនកម្លាំង ២០០០ វ៉ាត់ដើរដោយថាមពលសូឡា។

គម្រោង Empower Cambodia​ (អ៊េមផៅវ័រខេមបូឌា) មិនត្រឹមតែជួយដោះស្រាយតម្រូវការថាមពលរបស់អ្នកភូមិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងលើកកម្ពស់ប្រព័ន្ធអេកូឡូស៊ី ដែលពួកគេអាចរៀនជំនាញបច្ចេកទេសបន្ថែម និងជំរុញភាពជាសហគ្រិន។ គម្រោងនេះរួមចំណែកក្នុងការកសាងសមត្ថភាពក្នុងតំបន់ និងបង្កើតឱកាសអាជីវកម្មជាច្រើននៅក្នុងសហគមន៍។

ថាមពលគ្រប់គ្រាន់ នាំឱ្យមានភេសជ្ជះត្រជាក់ៗសម្រាប់បំពេញតម្រូវការ ហើយមុខរបរផ្សេងៗកកើតឡើងបន្តបន្ទាប់។

Empower Cambodia (អ៊េមផៅវ័រខេមបូឌា) បានត្រួសត្រាយផ្លូវជាមួយគម្រោងដ៏អស្ចារ្យនេះ ទោះបីជាយ៉ាងណាក៏ដោយនៅតែមានភូមិដាច់ស្រយាលជាច្រើនទៀតក្នុងប្រទេសកម្ពុជា ដែលខ្វះអគ្គិសនីប្រើប្រាស់នៅឡើយ។ មិនត្រឹមតែអង្គការក្រៅរដ្ឋាភិបាលទេដែលបានធ្វើ តែអ្នកទាំងអស់គ្នាគួរតែរួមចំណែកប្រើប្រាស់ភាពជោគជ័យ របស់គម្រោងនេះ ជាគំរូសម្រាប់ការអនុវត្តហេដ្ឋារចនាសម្ព័ន្ធស្រដៀងគ្នា និងនាំមកនូវដំណោះស្រាយប្រកបដោយនិរន្តរភាព និងប្រសិទ្ធភាពបន្ថែមទៀតដល់សហគមន៍ នៅតាមជនបទ ក្នុងប្រទេសកម្ពុជា៕