(ភ្នំពេញ)៖ ក្រុមជម្រើសជាតិអាយុក្រោម U22 កម្ពុជា ប៉ះទីម័រខាងកើត ក្នុងការប្រកួតដណ្តើម ៣ពិន្ទុដំបូងនាល្ងាចថ្ងៃទី២៩ ខែមេសានេះ ដែលការប្រកួតធ្វើឡើងនាម៉ោង ៧:០០នាទីយប់ ដែលជាការប្រកួតដំបូងនៃពូល A ដោយក្រុមជម្រើសជាតិឥណ្ឌូនេស៊ី ជួបហ្វីលីពីន នៅម៉ោង ៤:០០នាទីរសៀល ដែលជាការប្រជែងក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ផ្នែកវិញ្ញាសារបាល់ទាត់បុរស។

សូមជម្រាបថា ក្រុមម្ចាស់ផ្ទះកម្ពុជា ស្ថិតនៅក្នុងពូល A រួមមាន៖ កម្ពុជា, ឥណ្ឌូនេស៊ី, មីយ៉ាន់ម៉ា, ទីម័រខាងកើត និងហ្វីលីពីន ក្រុមកម្ពុជា ត្រូវប្រកួតបើកឆាកនៅល្ងាចថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ជាមួយក្រុមជម្រើសជាតិទីម័រខាងកើត។

ខាងក្រោមនេះជាការលើកឡើងរបស់គ្រូបង្វឹកនៃក្រុមទាំង៤ ស្ថិតក្នុងពូល A៖

គ្រូបង្វឹងក្រុមជម្រើសជាតិកម្ពុជា U22 លោក Ryu Hirose បានលើកឡើងមុនការប្រកួតថា «ជាបឋមយើងសូមស្វាគមន៍ និងអរគុណសម្រាប់ការចូលរួម ក្នុងនាមជាម្ចាស់ផ្ទះ ដោយយើងមានមោទនភាព ដែលទទួលស្វាគមន៍ព្រឹត្តិការណ៍ដ៏អស្ចារ្យមួយនេះ។ មិនមែនតែព្រឹត្តិការណ៍នេះទេ ព្រឹត្តិការណ៍ផ្សេងៗទៀតក៏ដូចគ្នា គឺពិតជាមានការពិបាក សម្រាប់ការប្រកួតដំបូង ដូច្នេះយើងត្រៀមរៀបចំ សម្រាប់ការប្រកួតថ្ងៃ នៅថ្ងៃស្អែក។ បើទោះបីជាយើងជួបក្រុមប្រហាក់ប្រហែលគ្នាពីព្រឹត្តិការណ៍មុនៗក៏ដោយ តែចំណុចសំខាន់របស់ក្រុម គឺយើងត្រូវគ្រប់គ្រងស្ថានការណ៍លេងឱ្យបានល្អ»

លោក Indra Sjafri គ្រូបង្វឹកក្រុម U22ឥណ្ឌូនេស៊ី បានឲ្យដឹងដែរថា «ខ្ញុំសូមអរគុណ និងរីករាយ ដែលបានជួបគ្នាម្ដងក្នុងស៊ីហ្គេម។ សម្រាប់ខ្ញុំនេះ គឺជាលើកទី២ យើងធ្លាប់ជួបគ្នាម្ដង នៅហ្វីលីពីន ហើយយើងបានមកដោយត្រៀមកីឡាករ ២០រូប សម្រាប់ព្រឹត្តិការណ៍នេះ ដោយយើងត្រៀមរួចរាល់សម្រាប់ការប្រកួត។ ខ្ញុំភ្ញាក់ផ្អើលចំពោះកម្ពុជា។ ខ្ញុំធ្លាប់មកទីនេះម្ដង កាលពីឆ្នាំ២០១៩ ដែលពីមុនទីលាន ដែលត្រូវប្រកួត គឺជាស្មៅសិប្បនិម្មិត ប៉ុន្តែឥឡូវនេះ វាជាស្មៅធម្មជាតិ វាពិតជាការផ្លាស់ប្ដូរដ៏ប្រសើរ បើទោះបីជាទីលានហ្វឹកហាត់នៅឆ្ងាយ ពីកន្លែងស្នាក់នៅបន្តិច ប៉ុន្តែទីលានគឺល្អ»

លោក Michael Feichtenbeiner គ្រូបង្វឹកក្រុម U22មីយ៉ាន់ម៉ា «ខ្ញុំទើបតែចូលដឹកនាំក្រុមនេះ បាន២ខែ ហើយយើងមានឱកាសប្រកួតមួយចំនួនផងដែរ ពេលបោះជំរំហ្វឹកហាត់ នៅប្រទេសថៃ ដោយយើងមានកីឡាករ២០នាក់ មកជាមួយគ្នានៅទីនេះ។ វាជាស៊ីហ្គេមលើកដំបូងសម្រាប់ខ្ញុំ ហើយកីឡាករមួយចំនួនក៏ដូចគ្នា យើងជាក្រុមដ៏ក្មេង ដែលយើងកំពុងទន្ទឹងរង់ចាំការប្រកួតដ៏លំបាកទាំងអស់នេះ»

ដោយឡែកចំពោះគ្រូបង្គោលក្រុមU22 ហ្វីលីពីន លោក Robert James Dazo Gier លើកឡើងថា «អរគុណសម្រាប់ការរៀបចំ យើងបានមកដល់ទីនេះយូរជាងគេ បើធៀបនឹងក្រុមផ្សេង ដើម្បីសម្របអាកាសធាតុ ក៏ដូចជាទីលាន។ យើងមានរយៈពេលខ្លី ប៉ុន្តែពួកគេអាចធ្វើបានល្អ ហើយសម្រាប់ខ្ញុំ ក្នុងការចូលរួមជាមួយជម្រើសជាតិ គឺយើងរំពឹងចង់បានលទ្ធផលល្អ សម្រាប់ព្រឹត្តិការណ៍នេះ។ កីឡាករយើងមកពីខាងក្រៅច្រើន គ្រប់គ្នា គ្រប់ការប្រកួត គឺជាការប្រកួតដ៏លំបាក។ ទោះយ៉ាងណា មានកីឡាករខ្លះក៏ធ្លាប់បានចូលរួមប្រកួតស៊ីហ្គេម ចំណែកខ្លះទៀតជាលើកដំបូងសម្រាប់ពួកគេ»

ចំពោះលោក Park Soon Tae ជាគ្រូ U22 ទីម័រខាងកើត «យើងពិតជារីករាយ ដែលបានមកទីនេះ។ យើងដឹងថា នេះជាស៊ីហ្គេម លើកទី៣២ នៅកម្ពុជា យើងនឹងយកឱកាស ក៏ដូចជាបទពិសោធន៍ សម្រាប់ព្រឹត្តិការណ៍នេះ។ នៅថ្ងៃស្អែក ជាការប្រកួតទល់នឹងម្ចាស់ផ្ទះ ហើយយើងដឹងថា អ្នកគាំទ្រកម្ពុជាមកពេញកីឡដ្ឋាន អ៊ីចឹងយើងនឹងលេងដោយភាពរីករាយ ឱ្យអស់ពីលទ្ធភាព ព្រោះយើងបានរៀបចំច្រើនខែមកហើយ»