(បរទេស)៖ ប្រធានក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ BBC លោក Richard Sharp បានលាលែងពីតំណែង បន្ទាប់ពីមានរបាយការណ៍រឿងអាស្រូវរបស់លោកជាប់ពាក់ព័ន្ធទៅនឹងប្រាក់កម្ចីជាមួយអតីតនាយករដ្ឋមន្ត្រីចក្រភពអង់គ្លេសលោក Boris Johnson។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន RT នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣។

BBC គឺជាក្រុមហ៊ុនកាសែតរបស់ចក្រភពភពអង់គ្លេស និងត្រូវបានគ្រប់គ្រងដោយលោក Richard Sharp ក្នុងអំឡុងខែកុម្ភៈ ឆ្នាំ២០២១ ខណៈកាឡើងកាន់តំណែងរបស់លោកត្រូវបានជ្រើសតាំងដោយរដ្ឋាភិបាល។ ជុំវិញការឡើងកាន់តំណែងរយៈពេល ៣ឆ្នាំនេះបានចោទជាសំណួរ និងត្រូវបានឃ្លាំមើលយ៉ាងយកចិត្តទុកដាក់ពីសំណាក់ក្រុមអ្នកឃ្លាំមើលក្នុងប្រទេស។

យ៉ាងណាមិញនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីពេលថ្មីៗនេះ លោក Adam Heppinstall KC បានរកឃើញថាការឡើងកាន់តំណែងរបស់ Richard មានជាប់ពាក់ជាមួយនឹងការសម្រួលធានាប្រាក់កម្ចីប្រហែល ១លានដុល្លារពីលោក Sam Blyth ដល់អតីតនាយករដ្ឋមន្ត្រីចក្រភពអង់គ្លេសលោក Boris Johnson។ ជុំវិញបញ្ហានេះត្រូវបានគេសន្និដ្ឋានថាតំណែងរបស់ Richard គឺបានបំពានច្បាប់សម្រាប់ការតែងតាំងជាសាធារណៈ។

ជាក់ស្តែងជុំវិញចម្ងល់នេះគេបានចោទសួរ Richard ជាយូរមកហើយ ប៉ុន្តែលោកនៅតែទទូចដដែលថាលោកមិនមានជាប់ពាក់ព័ន្ធលើករណីនេះនោះទេ។

គួរជម្រាបដែរថា នៅរសៀលថ្ងៃសុក្រនេះ Richard សម្រេចជ្រើសរើសលាលែងពីតំណែងនៅ BBC ដើម្បីការពារផលប្រយោជន៍ក្រុមហ៊ុន ហើយលោកនឹងនៅបន្តនៅ BBC រហូតដល់ចុងខែមិថុនា ខាងមុខនេះ។ ខណៈការចាកចេញរបស់លោកត្រូវបាន ត្រូវបានអគ្គនាយកក្រុមហ៊ុន BBC លោក Tim Davie បានលើកឡើងថា «គាត់បានបានរួមចំណែកយ៉ាងសំខាន់ចំពោះការផ្លាស់ប្តូរ និងភាពជោគជ័យរបស់ BBC»