(ភ្នំពេញ)៖ ក្រុមហ៊ុន អ៉ីហ្សីខម នាព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣ បានចូលរួមក្នុងកម្មពិធីដង្ហែព្រះអគ្គិជ័យកីឡាស៊ីហ្គេមលើកទី៣២ ប្រកបដោយអត្ថន័យមិត្តភាព សាមគ្គីភាព និងនិរន្តរភាព ដែលជាគុណតម្លៃសកលនៃទំនាក់ទំនងរវាងការប្រកួតកីឡា និងការរស់នៅប្រចាំថ្ងៃ ហើយបានក្លាយជាគំរូដ៏ល្អក្នុងការប្រកួតកីឡាធំៗផ្សេងទៀត។

លោកស្រី Yuni Lee Heathcote អគ្គនាយិកាប្រតិបត្តិក្រុមហ៊ុន និងគណៈគ្រប់គ្រងជាន់ខ្ពស់ចំនួន១០រូប បានចូលរួមរត់ដង្ហែព្រះអគ្គិជ័យកីឡាស៊ីហ្គេមដោយទឹកមុខសប្បាយរីករាយ និងពោរពេញដោយក្តីសង្ឃឹម អមដោយបុគ្គលិកជាច្រើនរូបទៀតនៅអបអរសាទរសងខាងផ្លូវ។

ក្បួនដង្ហែរអគ្គិជ័យកីឡាទាំងមូលចាប់ផ្តើមពីវិមានឯករាជ្យទៅវត្តភ្នំ ចំណែកក្រុមហ៊ុន អ៉ីហ្សីខម បានទទួលព្រះអគ្គិជ័យនេះនៅមុខមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈរាជធានីភ្នំពេញ ដង្ហែឆ្ពោះទៅស្តុបមុខអគារកាណាឌីយ៉ា។

គួររំឭកថា ព្រះអគ្គិជ័យកីឡានៃព្រឹត្តិការណ៍ស៉ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ ត្រូវបានចាប់ផ្ដើមដង្ហែទៅកាន់បណ្ដាប្រទេសអាស៊ាន និងទីម័រខាងកើត ដែលមានរយៈពេលជាង១ខែ ពោលគឺចាប់ពីថ្ងៃទី២២ ខែមីនា ដល់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ ដោយមានការចូលរួមពីបេសកជនពិសេស តំណាងគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ សហការជាមួយស្ថានទូត និងស្ថានតំណាងនៃកម្ពុជាប្រចាំប្រទេសនានា។ ប្រទេសចុងក្រោយដែលបានទទួលព្រះអគ្គិជ័យកីឡានេះ គឺប្រទេសឡាវ។ បន្ទាប់ពីចាកចេញពីប្រទេសឡាវ ព្រះអគ្គិជ័យកីឡាបានដង្ហែចូលមកទឹកដីកម្ពុជាតាមខេត្តស្ទឹងត្រែង ក្រចេះ ត្បូងឃ្មុំ កំពង់ចាម កណ្ដាល និងចូលមករាជធានីភ្នំពេញ នាព្រលប់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣។ នាឱកាសនោះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងថ្នាក់ដឹកនាំរាជធានីភ្នំពេញ ក៏បានទទួលនិងបន្តដង្ហែព្រះអគ្គិជ័យកីឡាពីចំណុចរមណីយដ្ឋានវត្តភ្នំ ឆ្ពោះទៅតម្កល់នៅវត្តលង្កាព្រះកុសុមារាម ដោយមានរៀបចំពិធីសាសនា និងបាញ់កាំជ្រួចផងដែរ។

លុះដល់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង៦៖០០នាទីព្រឹក ពិធីរត់ដង្ហែព្រះអគ្គិជ័យកីទ្បា ចេញពីរាជធានីភ្នំពេញទៅបណ្ដាខេត្តជុំវិញទន្លេសាប និងបឹងទន្លេសាប តាមផ្លូវនៃខេត្តកណ្ដាល កំពង់ស្ពឺ កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប កំពង់ធំ កំពង់ចាម ចូលមកខេត្តកណ្ដាល និងរាជធានីភ្នំពេញវិញ នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣។

 * ហេតុអ្វីបានក្រុមហ៊ុន អ៉ីហ្សីខម ត្រូវចូលរួមដង្ហែរអគ្គិជ័យកីឡានេះ?

នោះក៏ព្រោះតែក្រុមហ៊ុន អ៉ីហ្សីខម ជាដៃគូផ្គត់ផ្តង់សេវាអ៉ីនធឺណិតផ្លូវការ និងជាដៃគូឧបត្ថម្ភថ្នាក់ជាតិនៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣។ ក្រុមហ៊ុន អ៉ីហ្ស៊ីខម មានទំនួលខុសត្រូវក្នុងការភ្ជាប់សេវាអ៉ីនធឺណិតនៅទីតាំងប្រកួតកីឡាមួយចំនួនដែលបានជ្រើសរើស ដើម្បីបញ្ជូនរូបភាពពីការប្រកួតនានាទៅកាន់មជ្ឈមណ្ឌលផ្សាយបន្តកម្រិតអន្តរជាតិ សម្រាប់យកទៅផ្សាយបន្តដោយស្ថានីយទូរទស្សន៍ក្នុងតំបន់ដទៃទៀត។ លើសពីនេះ ក្រុមហ៊ុន អ៉ីហ្ស៊ីខម ក៏ទទួលខុសត្រូវក្នុងការភ្ជាប់សេវាអ៉ីនធឺណិតសម្រាប់មជ្ឈមណ្ឌលសារព័ត៌មាន និងមជ្ឈមណ្ឌលប្រតិបត្តិការគ្រប់គ្រងការប្រកួតផងដែរ។

ជាផ្នែកមួយនៃក្រុមហ៊ុន Royal Group of Companies និងជាក្រុមហ៊ុនផ្តល់សេវាអ៉ីនធឺណេតឈានមុខគេនៅកម្ពុជា អ៉ីហ្សីខម តែងតែចូលរួមឧបត្ថម្ភនូវព្រឹត្តិការណ៍សង្គមផ្សេងៗ ជាពិសេសព្រឹត្តិការណ៍ថ្នាក់ជាតិ ដូចជា ស៊ីហ្គេមនៅពេលនេះ ព្រោះ អ៉ីហ្សីខម ចង់ចូលរួមផ្សព្វផ្សាយអំពីអត្តពលិកជាតិកម្ពុជា លើកស្ទួយកិត្តិនាមរបស់ពួកគាត់ ក៏ដូចជាការរីកចម្រើនវិស័យកីឡាទាំងមូលទៅដល់ប្រទេសក្នុងតំបន់ និងពិភពលោក។

ម្យ៉ាងវិញទៀត ក្រុមហ៊ុន អ៉ីហ្ស៊ីខម គឺជាក្រុមហ៊ុនបច្ចេកវិទ្យា និងអាចពាំនាំយកបច្ចេកវិទ្យាថ្មីៗមកអភិវឌ្ឍវិស័យកីឡា ដើម្បីឱ្យស្របទៅនឹងគោលនយោបាយសេដ្ឋកិច្ចឌីជីថលរបស់កម្ពុជា៕