(ម៉ាទ្រីដ)៖ ខ្សែបម្រើ Luka Modric អាចនឹងខកខានការប្រកួតវគ្គផ្តាច់ព្រ័ត្រ Copa del Rey របស់ Real Madrid ទល់នឹងក្រុម Osasuna និងការប្រកួតជើងទី១ នៃវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Champions League ទល់នឹងក្រុម Manchester City បន្ទាប់ពីរងរបួសភ្លៅ។ នេះបើយោងតាមសារព័ត៌មាន Live Score ចេញផ្សាយនៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣។

Modric បានរងរបួសភ្លៅខាងឆ្វេងរបស់លោក អំឡុងពេលប្រកួតចាញ់ ៤-២ របស់ Madrid ក្រោមថ្វីជើងក្រុម Girona កាលពីថ្ងៃអង្គារ។ លទ្ធផលនេះ បាននាំឲ្យពួកគេតាមពីក្រោយក្រុម Barcelona ដែលឈរនៅកំពូលតារាង ​La Liga ចំនួន ១១ពិន្ទុ។

ការរបួសរបស់ Modric ជាបញ្ហាមួយ សម្រាប់ Real Madrid ដែលពួកគេនឹងបញ្ចប់ការរង់ចាំរយៈពេល ៩ឆ្នាំ ក្នុងការលើកពានរង្វាន់ Copa del Rey នៅថ្ងៃទី០៦ ខែឧសភាខាងមុខ មុនពេលធ្វើជាម្ចាស់ផ្ទះទទួលក្រុម Man City រយៈពេល ៣ថ្ងៃបន្ទាប់៕