(មេនឆេស្ទឺ)៖ ខ្សែបម្រើស្លាប Alejandro Garnacho វ័យ ១៨ឆ្នាំបានចុះហត្ថលេខាលើកិច្ចសន្យាមួយ ដែលនឹងរក្សារូបលោកលេងនៅក្លិប Manchester United រហូតដល់ខែមិថុនា ឆ្នាំ២០២៨។ នេះបើយោងតាមសារព័ត៌មាន Live Score ចេញផ្សាយនៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣។

Garnacho បានបង្ហាញខ្លួន ៣១លើក ក្នុងជម្រើសដំបូងរបស់ក្លិបបិសាចក្រហម។

កីឡាកររូបនេះត្រូវបានអវត្តមានពីការប្រកួតចាប់តាំងពីខែមុន ដោយសារតែរបួសកជើង ប៉ុន្តែគ្រោងនឹងវិលត្រឡប់ចូលលេងវិញ ខណៈ Man United មានមហិច្ឆតាបញ្ចប់ក្នុងចំណាត់ថ្នាក់ Top 4 និងឈ្នះពានរង្វាន់ FA Cup។

អ្នកចាត់ការទូទៅបិសាចក្រហមលោក Erik ten Hag បានបញ្ជាក់ថា Garnacho នឹងមិនត្រូវបានអនុញ្ញាតឲ្យចូលលេងឲ្យអាហ្សង់ទីន នៅពេលពួកគេធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍ U20 World Cup ដែលនឹងចាប់ផ្តើមនៅថ្ងៃទី២០ ខែឧសភាខាងមុខនោះទេ៕