(ភ្នំពេញ)៖ អ្នកដែលគ្មានសំបុត្រសម្រាប់មើលបាល់ទាត់ នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣ស្អែកនេះ នឹងមិនឲ្យចូលបរិវេណពហុកីឡដ្ឋានជាតិអូឡាំពិកឡើយ។ ជាមួយគ្នានេះ នៅថ្ងៃប្រកួត នឹងអនុញ្ញាតឲ្យមានត្រឹមតែម៉ូតូប៉ុណ្ណោះចូលចត ក្នុងបរវិវេណពហុកីឡដ្ឋានជាតិ ចំណែកឡានក៏នឹងមិនអនុញ្ញាតឲ្យចូលចតដែរ។

តាមសេចក្តីជូនដំណឹង របស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ដែលបណ្តាញ Fresh News ទទួលបាន ឲ្យដឹងថា ការធ្វើបែបនេះដើម្បីឲ្យក្នុងថ្ងៃប្រកួតកីឡាស៉ីហ្គេម វិញ្ញាសាបាល់ទាត់បុរស នៅទីតាំងពហុកីឡដ្ឋានជាតិអូឡាំពិក កាន់តែមានសណ្តាប់ធ្នាប់ និងមានរបៀបរៀបរយ។

សេចក្តីជូនដំណឹង បានបញ្ជាក់យ៉ាងដូច្នេះថា៖

*១៖ នៅក្នុងថ្ងៃប្រកួតនឹងអនុញ្ញាតសម្រាប់តែអ្នកមានសំបុត្រទស្សនាការប្រកួតប៉ុណ្ណោះ ដែលអាចចូលក្នុងបរិវេណពហុកីឡដ្ឋានជាតិអូឡាំពិក ពោលគឺនឹងមានការឆែកសំបុត្រនៅគ្រប់ច្រកចូលទាំងអស់ នៅខ្លោងទ្វាររបងខាងក្រៅនៃពហុកីឡដ្ឋាន។

*២៖ នៅក្នុងថ្ងៃប្រកួត នឹងអនុញ្ញាតឲ្យមានត្រឹមតែម៉ូតូប៉ុណ្ណោះចូលចតក្នុងបរវិវេណពហុកីឡដ្ឋានជាតិ ដែលមានតម្លៃផ្ញើរចំនួន ២,០០០រៀល ចំណែកឡាននឹងមិនអនុញ្ញាតឲ្យចូលចត ក្នុងបរិវេណពហុកីឡដ្ឋានជាតិឡើយ លើកលែងតែឡានរបស់មន្ត្រីក្រុម ឬគណៈប្រតិភូដែលមានប័ណ្ណចំណត។

សូមជម្រាបថា ក្រុមបាល់ទាត់ជម្រើសជាតិយុវជនអាយុក្រោម ២២ឆ្នាំឥណ្ឌូនេស៊ី ត្រូវប៉ះហ្វីលីពីន ជាគូបើកឆាកប្រភេទកីឡាបាល់ទាត់ ផ្នែកបុរសក្នុងព្រឹត្តិការណ៍កីឡាប្រចាំតំបន់អាស៊ីអាគ្នេយ៍ (SEA Games) ឆ្នាំ២០២៣ នៅកម្ពុជា។ នេះជាការប្រកួតសន្សំពិន្ទុមុនគេចេញពីពូល A ក្នុងចំណោម ៥ក្រុមរួមមានឥណ្ឌូនេស៊ី ហ្វីលីពីន ទីម័រខាងកើត មីយ៉ាន់ម៉ា និងម្ចាស់ផ្ទះកម្ពុជា នៃយុទ្ធនាការមានរយៈពេល ២ឆ្នាំម្តងលើកទី៣២ នេះ។

ក្រៅពីឥណ្ឌនេស៊ី ប៉ះហ្វីលីពីន នាម៉ោង ៤៖០០នាទីរសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣ នោះ U22 របស់ម្ចាស់ផ្ទះកម្ពុជា ក៏ត្រូវប៉ះ U22 ទីម័រខាងកើតផងដែរនៅម៉ោង ៧យប់ថ្ងៃដដែលក្នុងពហុកីឡដ្ឋានជាតិអូឡាំពិកតែមួយគត់ គ្រាដែលសំបុត្រចូលទស្សនាពុំមានគិតថ្លៃឡើយ។ ប៉ុន្តែ សំបុត្រសម្រាប់ចូលទស្សនាត្រូវបានចែកអស់យ៉ាងឆាប់រហ័សបំផុត។

តាមរយៈសារពិសេស សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ បានផ្ញើសារណែនាំជូនអភិបាលរាជធានី-ខេត្ត ឱ្យរៀបចំការបញ្ចាំងស្លាយផ្សាយបន្តផ្ទាល់ការប្រកួតបាល់ទាត់ ក្រោយសាលទស្សនាមិនអាចផ្ទុកមនុស្សច្រើនតាមតម្រូវការជាក់ស្តែង៕