(ភ្នំពេញ)៖ ព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម គឺជាព្រឹត្តិការណ៍កីឡាពីរ ដែលបានចាប់កំណើតយូរមកហើយ នៅក្នុងតំបន់ទោះបីជាយ៉ាងណាវាមិនដែលមាននៅកម្ពុជាឡើយ ទើបតែឆ្នាំ២០២៣ នេះប៉ុណ្ណោះ។

ព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ (32nd SEA Games) និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ (12th ASEAN Para Games) គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ដែលកម្ពុជារង់ចាំអស់រយៈពេល៦៤ឆ្នាំ រហូតដល់កម្ពុជា មានលទ្ធភាពទទួលធ្វើជាម្ចាស់ផ្ទះ នៅឆ្នាំ២០២៣នេះ ក្រោមមូលបទ «កីឡារស់ក្នុងសន្ដិភាព»។

លោក វ៉ាន់ ភារ៉ា ជាកីឡាករអត្ដពលកម្ម រត់ម៉ារ៉ាតុង បានហ្វឹកហាត់អស់រយៈពេលជិត៨ខែមកហើយ នៅប្រទេសចិន ដើម្បីត្រៀមខ្លួនប្រកួតក្នុងព្រឹត្តិការណ៍ស៊ីហ្គេម។ កីឡាកររូបនេះ មានអារម្មណ៍សប្បាយរីករាយ និងរំភើបខណៈកាន់តែកៀកការប្រកួត។ លោកបានប្ដេជ្ញាថា នឹងខិតខំឱ្យអស់សមត្ថភាពដើម្បីរកមេដៃជូនប្រទេសជាតិ។

ចំណែក លោក ស៊ីម សាមឌី ជាកីឡាករអត្ដពលកម្មផ្នែកចោលដុំដែក និងចោលថះ បានសម្តែងសេចក្ដីរំភើប និងមោទនភាព ដោយលោកថា កម្ពុជាបានរង់ចាំអស់រយៈពេលជាង ៦០ឆ្នាំមកហើយទើបអាចធ្វើជាម្ចាស់ផ្ទះក្នុងព្រឹត្តិការណ៍កីឡាធំបែបនេះ។

ចំណែក កញ្ញា ផន សុវណ្ណារ៉ា ដែលជាកីឡាការិនីអត្ដពលកម្មផ្នែកចោលដុំដែកដែរនោះ បានលើកឡើងថា នាងខិតខំហ្វឹកហាត់ដោយមិនខ្លាចនឿយហត់ នៅក្រៅប្រទេស ដើម្បីចូលរួមប្រកួតស៊ីហ្គេម។ កញ្ញាបាននិយាយថា សម្រាប់ការហ្វឹកហាត់មានផលលំបាក ដោយតែយើងទៅហ្វឹកហាត់នៅស្រុកក្រៅ អាកាសធាតុត្រជាក់ នៅពេលដែលយើងត្រឡប់មកស្រុកខ្មែរវិញ គឺអាកាសធាតុក្ដៅខ្លាំង ធ្វើឲ្យយើងពិបាកដកដង្ហើម ចំពោះបច្ចេកទេសមានផលលំបាកបន្តិចបន្ទួចដែរ។

SEA Games នឹងចាប់ផ្តើមពីថ្ងៃទី០៥-១៧ ខែឧសភា ឆ្នាំ២០២៣ និង ASEAN Para Games: ចាប់ផ្តើមពីថ្ងៃទី០៣-០៩ ខែមិថុនា ឆ្នាំ២០២៣៕