(បរទេស)៖ តារាចម្រៀង និងអ្នកនិពន្ធបទចម្រៀងជនជាតិអង់គ្លេស Ed Sheeran នៅថ្ងៃព្រហស្បតិ៍ បានឡើងផ្តល់សក្ខីកម្ម នៅចំពោះមុខតុលាការ ជុំវិញរឿងក្តីកម្មសិទ្ធិបញ្ញាបទចម្រៀង «Thinking Out Loud» របស់លោកដែលបញ្ចេញកាលពីឆ្នាំ២០១៤។ អ្វីដែលមហាជនភ្ញាក់ផ្អើលនោះ គឺតារារូបនេះ មិនត្រឹមតែបង្ហាញខ្លួនតែមួយមុខនោះទេ ថែមទាំងនាំយកហ្គីតា ដែលជាឧបករណ៍តន្ត្រីជាទីស្រឡាញ់របស់លោក ទៅជាមួយផងដែរ។ នេះបើតាមការចេញផ្សាយ របស់សារព័ត៌មាន Straits Times នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣។

ដោយនាំយកឧបករណ៍ហ្គីតា នៅក្នុងបន្ទប់តុលាការសហព័ន្ធក្នុងទីក្រុង Manhattan លោក Sheeran បានបង្ហាញពីលំដាប់អង្កត់ខ្ទង់ចំនួនបួននៅចំកណ្តាល នៃបទចម្រៀងរបស់លោក ដែលលោកបាននិយាយថា ត្រូវបានសរសេរក្នុងរយៈពេលពីរបីម៉ោងនៅដើមឆ្នាំ២០១៤ ជាមួយមិត្ត និងអ្នកសហការ Amy Wadge។ តារាចម្រៀងវ័យ៣២ឆ្នាំរូបនេះ បានរៀបរាប់ពីប្រវត្តិនៃការកើតចេញបទចម្រៀងរបស់ខ្លួន ដែលថា ពេលនោះលោកបានដើរចេញពីបន្ទប់ទឹកក្នុងផ្ទះរបស់លោក នៅពេលដែលលោកបានឮ Wadge កំពុងតែកេះខ្សែហ្គីតានៅខ្ទង់ទី៤ ហើយលោកក៏នឹកឃើញការគិតថា «ពួកយើងត្រូវធ្វើអ្វីមួយជាមួយវា»។

បន្ទាប់ពីលេចចេញជាចម្រៀងមួយបទ «Thinking Out Loud» បានក្លាយជាបទចម្រៀងជាប់ចំណាត់ថ្នាក់លេខ១ នៅចក្រភពអង់គ្លេស និងលេខ២ នៅសហរដ្ឋអាមេរិក ហើយនៅឆ្នាំ២០១៦ បានឈ្នះពានរង្វាន់ Grammy សម្រាប់បទចម្រៀងប្រចាំឆ្នាំ។ ប៉ុន្តែនៅឆ្នាំ២០១៧ ក្រុមគ្រួសារអ្នកនិពន្ធ Ed Townsend និងអ្នកនិពន្ធ Gaye បានប្តឹង Ed Sheeran ពីបទរំលោភលើសិទ្ធិអ្នកនិពន្ធដោយនិយាយថា ការវិវត្តន៍នៃអង្កត់ខ្ទង់ហ្គីតា ជាមួយនឹងលំនាំស៊ីសង្វាក់គ្នារបស់វា ត្រូវបានចម្លងពីបទ «Let's Get It On»។

យ៉ាងណាក្ដី Ed Sheeran បានប្រកែកថា ភាពស្រដៀងគ្នានៃបទចម្រៀងទាំងពីរ គឺពាក់ព័ន្ធនឹងមូលដ្ឋានគ្រឹះនៃការផលិតតន្ត្រី ដែលមិនមានសិទ្ធិទទួលបានការការពារ ផ្នែកកម្មសិទ្ធិបញ្ញានោះទេ។ ជុំវិញបញ្ហានេះ តុលាការមិនទាន់ចេញសេចក្តីសម្រេចឡើយថា តើនរណាជាអ្នកឈ្នះ ខណៈការឡើងសវនាការលើកនេះ គឺដើម្បីសាកសួរចម្លើយបន្ថែម និងផ្ដល់សក្ខីកម្មប៉ុណ្ណោះ៕