(ក្រុងឡុងដ៍)៖ ក្លិបបាល់ទាត់ Sheffield United បានក្លាយជាក្រុមទី២ បន្ទាប់ពី Burnley ក្នុងការវិលត្រឡប់ទៅលេងនៅក្របខណ្ឌលីគកំពូលអង់គ្លេស Premier League វិញសម្រាប់រដូវកាលក្រោយឆ្នាំ២០២៣-២០២៤។

តាមរយៈជ័យជម្នះក្នុងផ្ទះ ២ទល់នឹង០ របស់ពួកគេទៅលើគូប្រជែង West Bromwich Albion បានធ្វើឲ្យ Sheffield រើបំរាស់រួចពីក្របខណ្ឌទី២ Championship ក្រោយពេលលេងបាន ២រដូវកាលមកនេះ ដ្បិតពួកគេរកបាន ៨៥ពិន្ទុក្នុងប្រកួតសប្តាហ៍ទី៤៣ នៃជើងទី២ ឈរនៅលេខរៀងទី២ មុនពេលលេង ៣ប្រកួតទៀតបិទរដូវកាលនេះ។

នេះមានន័យថា Sheffield រកបានជ័យជម្នះលើកទី២៦ របស់ពួកគេ ដោយនាំមុខ ៧ពិន្ទុពីក្រុមលេខ៣ Luton Town ដែលពួកគេ (Luton) នៅសល់ត្រឹម ២ប្រកួតក្នុងដៃ គ្រាដែលគូប្រជែង West Brom ដែលកំពុងឈរលេខរៀងទី៩ នោះ នៅសល់ឱកាសប្រជែងយកកៅអីក្នុងតំបន់ Top-6 ដើម្បីមានសិទ្ធិលេងវគ្គជម្រុះដណ្តើម ១កៅអីដែលនៅសល់ ក្នុងចំណោម ៤ក្រុមទៅ Premier League ដែរ។

តែយ៉ាងណា នេះក៏ជាលើកទី៣ ផងដែរសម្រាប់ Sheffield United ដែលបានឆ្លងចូល Premier League តាមរយៈការបញ្ចប់ទៅដោយចំណាត់ថ្នាក់លេខ២ ពី Championship នោះ៕