(ភ្នំពេញ)៖ អគារពាណិជ្ជកម្ម នរោត្តម ( Norodom Business Tower ) ដែលមានកម្ពស់២៨ជាន់ ស្ថិតនៅតាមបណ្តោយផ្លូវនរោត្តម វិនិយោគដោយក្រុមហ៊ុន TP Moral Group បានបើកដ្ឋានការដ្ឋានសាងសង់ហើយ នាថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣នេះ។

ថ្លែងក្នុង ពិធីបញ្ចុះបឋមសិលាបើកកាដ្ឋានសាងសង់អគារពាណិជ្ជកម្ម នរោត្តម នេះ លោក ឃុន ទី ប្រធានក្រុមហ៊ុន TP moral group មានប្រសាសន៍ថា ការសាងសង់អគារពាណិជ្ជកម្ម នរោត្តម គឺជាការចាប់ផ្តើមបើកទំព័រប្រវត្តិសាស្រ្តរបស់ក្រុមហ៊ុនTP moral group ក្នុងការអភិវឌ្ឍន៍នូវអចលនទ្រព្យរបស់ខ្លួនសម្រាប់ប្រយោជន៍ប្រទេសជាតិ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យវែងឆ្ងាយក្នុងការអភិវឌ្ឍន៍ទីក្រុង និងទីប្រជុំជនរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។

លោក បន្ថែមថា ការសាងសង់អគារពាណិជ្ជកម្មនេះ មិនត្រឹមតែបង្កើតការងារឱ្យប្រជាពលរដ្ឋកម្ពុជាប៉ុណ្ណោះទេ អគារនេះក៏នឹងក្លាយជាកាតាលីករមួយក្នុងការជំរុញសេដ្ឋកិច្ចជាតិថែមទៀតផង ហើយអគារនេះក៏នឹងផ្តល់នូវទីកន្លែងដ៏ល្អសម្រាប់វិនិយោគិនបរទេស ភ្ញៀវទេសចរជាតិ និងអន្តរជាតិបានជួបជុំគ្នា បង្កើតគំនិតថ្មីៗ ផ្លាស់ប្តូរចំណេះដឹង និងបង្កើតទំនាក់ទំនងរវាងគ្នា និងគ្នា ក្នុងការធ្វើធុរកិច្ច ពាណិជ្ជកម្ម និងវិនិយោគ។

លោបន្ថែមថា «យើងខ្ញុំពិតជាមានមោទនភាពយ៉ាងក្រៃលែង ដែលអគារមួយនេះ នឹងក្លាយទៅជាមជ្ឈមណ្ឌលសេដ្ឋកិច្ចពហុវិស័យ លើកិច្ចការធុរកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ វិនិយោគ។ល។»

លោក ឃុន ទី បាន គូសបញ្ជាក់ទៀតថា អគារពាណិជ្ជកម្មនរោត្តម គឺជាអគារដែលមានលក្ខណៈពិសេស និងមានភាពលេចធ្លោបំផុតរបស់ TP Moral Group ដែលបានសាងសង់ទៅតាមបទដ្ឋានបច្ចេកទេស និងតាមស្តង់ដារអន្តរជាតិ។ អគារនេះនឹងសាងសង់ ចំណត់រថយន្តក្រោមដីចំនួន៤ជាន់ ។ នៅក្នុងអគារ នឹងគ្រោងចំនួន ១០ជាន់ សម្រាប់រៀបចំឱ្យទៅជាការិយាល័យបំពេញការងារលំដាប់អន្តរជាតិ ជាមួយរចនាបទបែបទំនើបលាយលំនឹងបរិស្ថានធម្មជាតិ។ ក្រៅពីនេះទៀត អគារនឹងត្រូវរៀបចំឱ្យមាន១៦ជាន់ផ្សេងទៀតសម្រាប់បំពេញមុខងារជាសណ្ឋាគារលំដាប់ផ្កាយ៥ ដែលមានឈ្មោះថា Pan Pacific។ ក្នុងសណ្ឋាគារនេះ នឹងមានរៀបចំឱ្យមានបន្ទប់ស្នាក់នៅប្រភេទប្រណីត ភោជនីយដ្ឋាន កន្លែងកម្សាន្ត និងស្កាយបានៅលើដំបូលអគារ ព្រមទាំងមានអាងហែលទឹកដែលអាចមើលឃើញទេសភាពនៃទីក្រុងភ្នំពេញ ។

លោកបានឱ្យដឹងបន្តថា ក្រុមការងារដែលចូលរួមក្នុងការសិក្សាគម្រោងសាងសង់អគារពាណិជ្ជកម្មនេះ សុទ្ធសឹងតែក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសជាតិ និងអន្តរជាតិ ដែលមានបទពិសោធន៍ខ្ពស់ក្នុងសាងសង់ទៅតាមស្តង់ដារអន្តរជាតិ ក្នុងនោះរួមមាន ក្រុមហ៊ុន សាងសង់ MCC, ក្រុមហ៊ុនស្ថាបត្យកម្ម Aedas , ក្រុមហ៊ុនសិក្សាបច្ចេកទេស សំណង់ គ្រឹះ និងទឹកភ្លើង Meinhardt , ក្រុមហ៊ុនត្រួតពិនិត្យគុណភាព និងបរិមាណ BK Asia , ក្រុមហ៊ុនគ្រប់គ្រង់គម្រោង Atelier , ក្រុមហ៊ុនសិក្សារចនាផ្ទៃខាងក្នុង Eco ID និង ក្រុមហ៊ុន ARUP ។

អគារពាណិជ្ជកម្មនេះ គ្រោងនឹងបញ្ចប់ការសាងសង់ទាំងស្រុង ក្នុងរយៈពេល៣០ខែ៕