(ចិន)៖ មហោស្រពភាពយន្តអន្តរជាតិទីក្រុងប៉េកាំងលើកទី១៣ បានចាប់ផ្តើមកាលពីចុងសប្ដាហ៍នេះ ដោយមានការចូលរួមពីសំណាក់តារាល្បីៗជាង២០០នាក់ ខណៈព្រឹត្តិការណ៍មហោស្រពអន្តរជាតិនេះ ត្រូវបានគេដឹងថា ជាការបើកលើកដំបូងរបស់ប្រទេសចិន ដែលបានប្រារព្ធផ្ទាល់ពេញលេញ ចាប់តាំងពីការបើកព្រំដែនឡើងវិញក្រោយកូវីដ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន China Daily។

តារាល្បីៗដែលលេចមុខក្នុងព្រឹត្តិការណ៍នេះ រួមមានអ្នកដឹកនាំរឿងចិន Zhang Yimou, តារាសម្តែង Zhang Ziyi, តារាសម្តែង Wu Jing និងតារាក្បាច់គុន Jackie Chan ជាដើម បានបង្ហាញមុខលើកម្រាលព្រំក្រហម ក្នុងពិធីបើកមហោស្រពភាពយន្តអន្តរជាតិ ទីក្រុងប៉េកាំងលើកទី១៣។ រៀបចំឡើងដោយក្រុមហ៊ុន China Media Group និងរដ្ឋាភិបាលទីក្រុងប៉េកាំង ព្រឹត្តិការណ៍នេះ គឺមានរយៈពេល៨ថ្ងៃ ហើយនឹងប្រមូលផ្តុំអ្នកផលិតភាពយន្តទូទាំងពិភពលោក និងមានការចាក់បញ្ចាំងខ្សែភាពយន្តល្បីៗ មកពីជុំវិញពិភពលោក ដើម្បីលើកកម្ពស់ការផ្លាស់ប្តូរ និងការរៀនសូត្រគ្នាទៅវិញទៅមក នៅក្នុងឧស្សាហកម្មនេះផងដែរ។

ឆ្នាំនេះមានភាពយន្តចំនួន១៥ កំពុងប្រកួតប្រជែងដណ្តើមពានរង្វាន់ «Tiantan Award» ដែលត្រូវបានជ្រើសរើសពីខ្សែភាពយន្តចំនួន១,៤៨៨ ពីប្រទេស និងតំបន់ចំនួន៩៣។ អ្នកឈ្នះរង្វាន់ទាំង ១០ប្រភេទនឹងត្រូវប្រកាស នៅក្នុងពិធីបិទពិធីបុណ្យនៅថ្ងៃទី២៩ ខែមេសា ខាងមុខនេះ។

គួរជម្រាបថា មហោស្រពភាពយន្តអន្តរជាតិក្រុងប៉េកាំង ត្រូវបានបង្កើតឡើងដំបូងក្នុងឆ្នាំ២០១១ ក្នុងគោលបំណងជំរុញការផ្លាស់ប្តូរបទពិសោធន៍ ក្នុងចំណោមផលិតករភាពយន្តទូទាំងពិភពលោក៕