(ភ្នំពេញ)៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា នាថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣នេះ បានឲ្យដឹងថា សំបុត្រឥតគិតថ្លៃទាំងអស់ សម្រាប់សាធារណជនទស្សនាការប្រកួតកីឡាស៊ីហ្គេម វិញ្ញាសាបាល់ទាត់បុរស នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣ ត្រូវបានចែកអស់ហើយ!

សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បន្តថា សម្រាប់បងប្អូនដែលមិនមានសំបុត្រចូលរួមគាំទ្រក្រុមជម្រើសជាតិកម្ពុជាដោយផ្ទាល់នៅពហុកីឡដ្ឋានជាតិនោះទេ បងប្អូនក៏អាចរង់ចាំតាមដានទស្សនាតាមការផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍បានផងដែរ។

រំលឹកផងថា ក្រុមបាល់ទាត់ជម្រើសជាតិយុវជនអាយុក្រោម ២២ឆ្នាំឥណ្ឌូនេស៊ី ត្រូវប៉ះហ្វីលីពីន ជាគូបើកឆាកប្រភេទកីឡាបាល់ទាត់ ផ្នែកបុរសក្នុងព្រឹត្តិការណ៍កីឡាប្រចាំតំបន់អាស៊ីអាគ្នេយ៍ (SEA Games) ឆ្នាំ២០២៣ នៅកម្ពុជា។

នេះជាការប្រកួតសន្សំពិន្ទុមុនគេចេញពីពូល A ក្នុងចំណោម ៥ក្រុមរួមមានឥណ្ឌូនេស៊ី ហ្វីលីពីន ទីម័រខាងកើត មីយ៉ាន់ម៉ា និងម្ចាស់ផ្ទះកម្ពុជា នៃយុទ្ធនាការមានរយៈពេល ២ឆ្នាំម្តងលើកទី៣២ នេះ។

ក្រៅពីឥណ្ឌនេស៊ី ប៉ះហ្វីលីពីន នាម៉ោង ៤៖០០នាទីរសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣ នោះ U22 របស់ម្ចាស់ផ្ទះកម្ពុជា ក៏ត្រូវប៉ះ U22 ទីម័រខាងកើតផងដែរនៅម៉ោង ៧យប់ថ្ងៃដដែលក្នុងពហុកីឡដ្ឋានជាតិអូឡាំពិកតែមួយគត់ គ្រាដែលសំបុត្រចូលទស្សនាពុំមានគិតថ្លៃឡើយ៕