(ម៉ាទ្រីដ)៖ ប្រធានក្លិបបាល់ទាត់អេស្ប៉ាញ Atletico Madrid លោក Enrique Cerezo ចង់ឃើញកីឡាករ Lionel Messi ប្រកួតទល់នឹង Cristiano Ronaldo ក្នុងលីគ La Liga មុនពេលពួកគេទាំងពីរចូលនិវត្តន៍។ នេះបើយោងតាមគេហទំព័រកីឡា Live Score ចេញផ្សាយនៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣។

Messi ត្រូវបានគេទាក់ទងជាច្រើនលើក ជាមួយនឹងការវិលត្រឡប់ទៅលេងនៅក្លិប FC Barcelona ជាទីកន្លែងដែលលោកបានចំណាយពេល ១២ឆ្នាំ មុនពេលចាកចេញទៅកាន់ក្លិបបារាំង Paris Saint-Germain កាលពីខែសីហា ឆ្នាំ២០២១។

Ronaldo បានរីករាយជាមួយនឹងការលើកពានរង្វាន់ធំៗចំនួន ៩រដូវកាល ជាមួយក្លិប Real Madrid ក្រោយមកលេងឲ្យ Juventus, Machester United និងបច្ចុប្បន្នកំពុងលេងឲ្យក្លិបអារ៉ាប៊ីសាអូឌីត Al Nassr។

ស្របពេលដែលមានការជជែកគ្នាតិចតួច ស្តីពី Ronaldo គ្រោងត្រឡប់ទៅលេងនៅលីគកំពូលអេស្ប៉ាញនោះ លោក Cerozo ជឿជាក់ថា វានឹងផ្តល់ផលប្រយោជន៍សម្រាប់លីគ នៅពេលដែលតារាបាល់ទាត់ទាំងពីរវិលត្រឡប់ទៅវិញនៅថ្ងៃណាមួយ។

«វានឹងអស្ចារ្យសម្រាប់ខ្ញុំ ប្រសិនបើ Messi វិលត្រឡប់ទៅកាន់លីគ ព្រមជាមួយគ្នានោះ រួមទាំងកីឡាករ Cristiano Ronaldo ផងដែរ»។ កការលើកឡើងនេះលោកបានឲ្យដឹង ពេលចូលរួមក្នុងវគ្គផ្តាច់ព្រ័ត្រ ព្រឹត្តិការណ៍តេន្នីស Barcelona Open នាថ្ងៃអាទិត្យ៕