(ម៉ាទ្រីដ)៖ កីឡាការិនី Karolina Pliskova បានដកខ្លួនចេញពីព្រឹត្តិការណ៍ប្រកួតតេន្នីស Madrid Open ឆ្នាំ២០២៣ ដោយសាររបួសជង្គង់។

យ៉ាងណាអតីតកីឡាការិនីលំដាប់លេខ១ ពិភពលោកនេះបានលើកឡើងថា នាងរំពឹងថា នឹងជាសះស្បើយទាន់ពេលវេលា សម្រាប់ព្រឹត្តិការណ៍នាខែក្រោយ នៅទីក្រុង Rome មុនពេលកម្មវិធី French Open។ នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣។

Pliskova ដែលបច្ចុប្បន្នកំពុងឈរនៅលំដាប់ទី១៥ ក្នុងពិភពលោកនោះ បានលើកឡើងលើ Twitter ថា នាងបានរងរបួសនៅអំឡុងពេលប្រកួតបរាជ័យ វគ្គ ១/៤ចុងក្រោយរបស់នាង ក្រោមថ្វីដៃកីឡាការិនី Swiatek នៅឯព្រឹត្តិការណ៍ Stuttgart Open កាលពីសប្តាហ៍មុន។

លទ្ធផលល្អបំផុតរបស់កីឡាការិនី Pliskova បានកើតឡើងនៅទីលានដីឥដ្ឋនាព្រឹត្តិការណ៍ French Open ក្នុងឆ្នាំ២០១៧ នៅពេលដែលនាងបានឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។

សូមជម្រាបថា​ ព្រឹត្តិការណ៍ Madrid Open នឹងធ្វើឡើងចាប់ពីថ្ងៃទី២៥ ខែមេសា រហូតដល់ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៣៕