(ម៉ាទ្រីដ)៖ គ្រូបង្គោលក្លិប Real Madrid លោក Carlo Ancelotti បានបញ្ជាក់ថា ទាំងកីឡាករ Karim Benzema និង Eduardo Camavinga អវត្តមានសម្រាប់ការធ្វើដំណើរទៅជួបក្រុម Girona ក្នុងក្របខណ្ឌ La Liga នៅថ្ងៃអង្គារនេះ។ នេះបើយោងតាមសារព័ត៌មាន Live Score ចេញផ្សាយនៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣។

យ៉ាងណាមិញ លោក Ancelotti រំពឹងថា កីឡាករទាំងពីររូបនេះ នឹងអាចលេងវិញបាន នៅក្នុងពេលដែលខ្លួនធ្វើជាម្ចាស់ផ្ទះ ទទួលក្រុម Almeria នៅថ្ងៃសៅរ៍ មុនពេល Real Madrid ត្រូវលេងវគ្គផ្តាច់ព្រ័ត្រ Copa del Rey ប៉ះក្រុម Osasuna និងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Champions League របស់ទល់នឹងក្រុម Manchester City។

លោកបានបញ្ជាក់ថា ការប្រកួតចុងក្រោយរបស់ Camavinga គឺនៅពេលប៉ះក្រុម Celta Vigo ប៉ុន្តែក្រោយមកគាត់មានអារម្មណ៍មិនស្រួលខ្លួន ដោយសារតែការប៉ះទង្គិចគ្នា។

ចំពោះស្ថានភាពរបស់ Benzema វិញ លោក Ancelotti បញ្ជាក់ថា «ប្រសិនបើគាត់ជាពីបញ្ហារបួស គាត់នឹងអាចលេង ក្នុងពេលប៉ះក្រុម Almeria»