(ភ្នំពេញ)៖ លោកអ្នកអាចទៅយកសំបុត្រនៅសល់ ចំនួន ៥០០០សន្លឹកទៀត នៅទីតាំងចំនួន៦ សម្រាប់ការប្រកួតបើកឆាក រវាងឥណ្ឌូនេស៉ី និងហ្វីលីពីន ហើយកម្ពុជា ទល់នឹងទីម័រខាងកើត ដែលនឹងត្រូវរៀបចំឡើង នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣។ នេះបើតាមការប្រកាសដោយទំព័រផ្លូវការ សម្រាប់ព្រឹត្តិការណ៍ស៉ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២។

ប្រភពព័ត៌មានដដែល បានឲ្យដឹងថា លោកអ្នក​អាច​ទៅ​ទទួលយក​សំបុត្រ​ដែល​នៅ​សល់​ទាំង​ ៥០០០សន្លឹក នៅ ៦ ទីតាំង​ រួមមាន ផ្សារទំនើបអ៉ីអនម៉ល ១ ចំនួន ១០០០សន្លឹក, ផ្សារទំនើបអ៉ីអនម៉ល ២ ចំនួន ១០០០សន្លឹក, ផ្សារទំនើបអ៉ីអនម៉ល ៣ ចំនួន ៥០០សន្លឹក, Eden Garden (រោងភាពយន្ដ Legend) ចំនួន ១០០០សន្លឹក និងពហុកីឡដ្ឋានជាតិអូឡាំពិក ចំនួន ១៥០០​សន្លឹក។

លោកអ្នកអាចរកបាន នៅកន្លែងលក់សម្ភារៈផ្លូវការនៃព្រឹត្តិការណ៍ស៉ីហ្គេម ឬនៅតាមស្ដង់ដែលមានដាក់ថាទទួលសំបុត្រ (Ticket Pick-up Booth)។ ចំពោះសំបុត្រឥតគិតថ្លៃ សម្រាប់ការប្រកួតផ្សេងទៀត នឹងត្រូវបានប្រកាសក្នុងពេលឆាប់ៗនេះ។

សូមជម្រាបថា លោក កែវ សារ៉េត អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានឲ្យដឹងថា សំបុត្រទស្សនាបាល់ទាត់ផ្នែកបុរស សរុបចំនួន ១៤,៣០០សន្លឹក ត្រូវបានចែកជូនអ្នកគាំទ្រ ត្រឹមថ្ងៃទី១នេះ៕