(ភ្នំពេញ)៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា នៅរសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣ បានប្រកាសថា សំបុត្រទស្សនាការប្រកួតកីឡាស៉ីហ្គេម ផ្នែកវិញ្ញាសាបាល់ទាត់បុរស សម្រាប់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣ បានចែកអស់ហើយ។ ទោះជាយ៉ាងនេះក្តី ថ្ងៃស្អែកនឹងចែកបន្តទៀត បើសហព័ន្ធទទួលបានសំបុត្របន្ថែម។

សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានបញ្ជាក់យ៉ាងដូច្នេះ៖ «សូមជម្រាបដំណឹងជូនដល់បងប្អូនឲ្យបានជ្រាបថា សំបុត្រទស្សនការប្រកួតកីឡាស៉ីហ្គេម នៅថ្ងៃទី២៩ ខែមេសា ដែលសហព័ន្ធទទួលពីគណៈកម្មការរៀបចំការប្រកួតកីឡាស៉ីហ្គេម ពួកយើងបានចែកជូនអស់ហើយ។ ពួកយើងនឹងធ្វើការផ្ដល់ព័ត៌មានជូនដល់បងប្អូន នៅថ្ងៃស្អែក ប្រសិនបើសហព័ន្ធទទួលបានសំបុត្របន្ថែម ពីគណៈកម្មការរៀបចំការប្រកួតកីឡាស៉ីហ្គេម»។

សូមជម្រាបថា សំបុត្រសម្រាប់ការប្រកួតនៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣ រវាងក្រុម U22 ឥណ្ឌូនេស៊ី និងហ្វីលីពីន និងការប្រកួតរវាងម្ចាស់ផ្ទះកម្ពុជា ជួបទីម័រខាងកើត នៅពហុកីឡដ្ឋានជាតិអូឡាំពិក ដែលត្រូវបានចែកនៅថ្ងៃចន្ទ ទី២៤ ខែមេសា ឆ្នាំ២០២៣ ត្រូវបានធ្វើឡើងនៅពហុកីឡដ្ឋានជាតិអូឡាំពិ, The Blue Sports Center, Fan Sport Store, Double H Sport និង Sport Castle Sornthomok ដោយពុំមានគិតថ្លៃអ្វីទេ។ ក្នុង ១នាក់អាចទទួលបាន ២សំបុត្រ ហើយសំបុត្រ ១សន្លឹកអាចប្រើប្រាស់បាន ២ប្រកួតផងដែរ។

លោក កែវ សារ៉េត អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានឲ្យដឹងថា សំបុត្រទស្សនាបាល់ទាត់ផ្នែកបុរស សរុបចំនួន ១៤,៣០០សន្លឹក ត្រូវបានចែកជូនអ្នកគាំទ្រ ត្រឹមថ្ងៃទី១ បន្ទាប់ពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានប្រកាសពីការចែកសំបុត្រចូលទស្សនាការប្រកួតបាល់ទាត់ផ្នែកបុរស ក្នុងព្រឹត្តិការណ៍ស៉ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដោយឥតគិតថ្លៃ នាថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣នេះ៕